(ភ្នំពេញ)៖ ពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះបានបញ្ចប់ហើយ ដោយពេលនេះប្រជាពលរដ្ឋខ្មែរជាច្រើន បាន និងកំពុងត្រឡប់ពីការដើរកម្សាន្ត និងការទៅលេងស្រុកកំណើត មកកាន់កន្លែងគេហដ្ឋានរៀងៗខ្លួន។ ឆ្លៀតឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានបន្តផ្ញើសារជូនពរដល់ប្រជាពលរដ្ឋទាំងអស់ ធ្វើដំណើរប្រកបដោយសុវត្ថិភាព ហើយពេលបើកបរត្រូវគោរពច្បាប់ និងយោគយល់ឱ្យគ្នាទៅវិញទៅមក។
សម្តេ ចតេជោ ហ៊ុន សែន បានថ្លែងថា៖ «សុខសប្បាយជាទេបងប្អូនជនរួមជាតិ? បុណ្យភ្ជុំបិណ្ឌ បានកន្លងផុតទៅហើយ ហើយបងប្អូនក៏បានជួបជុំក្រុមគ្រួសារទៅវត្តធ្វើបុណ្យរួមគ្នាប្រកបដោយក្តីសប្បាយរីករាយ និងជ្រះថ្លាក្នុងចិត្តគ្រប់ៗគ្នា»។
សម្តេចបានបន្តថា «ដូចរាល់ឆ្នាំ គឺបងប្អូនធ្វើដំណើរទៅកាន់ស្រុកកំណើតជិតឆ្ងាយកាន់តែស្រួលជាងមុន ដោយសារ យើងមានផ្លូវថ្នល់តូចធំល្អៗកាន់តែច្រើនជាងមុន ហើយមធ្យោបាយធ្វើដំណើរក៏សម្បូរច្រេីនជាងមុន រួមទាំងសេវាឡានក្រុងដឹកជញ្ជូនបងប្អូនកូនក្មួយ ដោយឥតគិតថ្លៃទៀតផង។ ស្របពេលជាមួយគ្នានេះដែរ គឺប្រាក់ចំណូល និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ និងកូនក្មួយក៏កាន់តែល្អប្រសើរជាងមុន ដែលអាចឱ្យបងប្អូនធ្វើដំណើរកំសាន្តជិតឆ្ងាយកាន់តែងាយស្រួល។ ទាំងអស់នេះគឺដោយសារសន្តិភាព»។
សម្តេចបានជូនពរ បងប្អូនជនរួមជាតិ និងកូនក្មួយជួបតែសេចក្តីសុខ និងចម្រុងចម្រើនគ្រប់ក្រុមគ្រួសារកុំបីខានផងដែរ៕