(ព្រះវិហារ)៖ ក្នុងរយៈពេលបីថ្ងៃ (២៧-២៩ ខែកញ្ញា) នៃពិធីបុណ្យភ្ជុំបិណ្ឌ នៅឆ្នាំ២០១៩នេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានចូលមកទស្សនាកំសាន្តនៅនៅតាមរម្មណីដ្ឋាននានា ក្នុងខេត្តព្រះវិហារ មានចំនួន ៤,៩៦៩២នាក់ កើនឡើង ៧៤.៨៦%បើធៀបនឹងឆ្នាំ២០១៨ មានចំនួនតែ២,៧៥៧២នាក់ ក្នុងចំណោមភ្ញៀវទេសចរទាំង៤,៩៦៩២នាក់ មានភ្ញៀងជាតិចំនួន៤,៩២៨០នាក់ កើនឡើង៧៨.៧៣% ភ្ញៀវអន្តរជាតិចំនួន ៤១៩នាក់ ថយចុះចំនួន ៥១.៣០%ផងដែរ។
លោក គង់ វិបុល ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហារ បានឱ្យដឹងនៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩នេះថា ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ បានមកទស្សនានូវទីតាំងចំនួន៩ ក្នុងខេត្តព្រះវិហារ ក្នុងនោះមានប្រាសាទព្រះវិហារ ប្រាសាទកោះកែរ ប្រាសាទព្រះខាន់ ទឹកធ្លាក់ព្រះនិម្មិត ទឹកធ្លាក់បុស្បូវ ទឹកធ្លាក់លើភ្នំត្បែង (ទឹកធ្លាក់តាំងយូ ទឹកធ្លាក់តាម៉ា) សហគមអូទ្រលោក សហគមទំនប់៩៥ និងទីតាំងផ្សេងៗទៀត៕