(ព្រះវិហារ)៖ ដោយទទួលបានអប់រំច្រើនជាបន្តបន្ទាប់ ពីផលប៉ះពាល់នៃការប្រើប្រាស់ប្រភេទអាវុធកែច្នៃ ដែលជាប្រភេទអាវុធខុសច្បាប់ ដែលបានកំណត់ បានធ្វើឱ្យប្រជាពលរដ្ឋជាច្រើនគ្រួសារ រស់នៅភូមិពោធិខឿន ឃុំប្រមេរុ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ មានការភ្ញាក់រលឹកខ្លួន ស្មគ្រ័ចិត្តយកអាវុធកែច្នៃប្រភេទកាប៊ិនចំនួន១៤ដើម ប្រគល់ជូននគរបាលស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩នេះ។
លោកវរសេនីយ៍ទោ រិទ្ធ សូណា អធិការនគរបាលស្រុកត្បែងមានជ័យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់បងប្អូនប្រជាពលរដ្ឋ ដែលមានការភ្ញាក់រលឹកយកអាវុធកែច្នៃ មកប្រគល់ជូនសមត្ថកិច្ចនៅពេលនេះ។
លោកក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋផ្សេងៗទៀត ដែលមានអាវុធកែច្នៃដែលកំពុងលាក់ទុកនៅក្នុងផ្ទះ ត្រូវយកមកប្រគល់ជូនសមត្ថកិច្ច ចៀសវាងកូនចៅ បងប្អូនយកទៅប្រើដោយខុសច្បាប់ផ្សេងៗ។
ជាមួយគ្នានោះដែរ លោកអធិការស្រុកត្បែងមានជ័យ បានគូសបញ្ជាក់ថា ការរក្សាទុកអាវុធគ្រប់ប្រភេទ គឺជាអំពើខុសច្បាប់ ហើយលោកក៏បានផ្សព្វផ្សាយ ពីគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុច ដល់បងប្អូនប្រជាពលរដ្ឋឱ្យបានជ្រួតជ្រាបផងដែរ៕