(ភ្នំពេញ)៖ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩នេះបានបញ្ជាក់ថា ក្នុងរយៈពេល៨ខែ ឆ្នាំ២០១៩ កម្ពុជាបាននាំចេញកៅស៊ូចំនួន១៤៩,២៦៣តោន កើនឡើង២៤% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨ ដោយទទួលបានចំណូល២០០លានដុល្លារអាមេរិក។
របាយការណ៍បញ្ជាក់ថា តម្លៃជាមធ្យមរបស់ជ័រកៅស៊ូ នៅ៨ខែដំបូងឆ្នាំ២០១៩នេះ មានតម្លៃ១,៣៤០ដុល្លារក្នុង១តោន បានធ្លាក់ចុះ៣%។ ដូច្នេះបើគិតជាចំណូលដែលកម្ពុជា ទទួលបានពីការនាំចេញជ័រកៅស៊ូរយៈពេល៨ខែ មានចំនួនប្រមាណជា ២០០,០១២,៤២០ដុល្លារអាមេរិក។
សម្រាប់ការនាំចេញជ័រកៅស៊ូ ក្នុងខែសីហា មានចំនួនប្រមាណជាជាង ២៣,៣០៨តោន ខណៈតម្លៃជ័រកៅស៊ូជាមធ្យមក្នុងខែសីហាមានតម្លៃ ១,៣៣៣ដុល្លារក្នុង១តោន បានថយចុះ១.៤៧%ផងដែរ។
សូមបញ្ជាក់ថា រយៈពេលពេញមួយឆ្នាំ២០១៨ កម្ពុជាបាននាំចេញជ័រកៅស៊ូជាង២១ម៉ឺនតោន ទទួលបានចំណូលជិត៣០០លានដុល្លារអាមេរិក។ ជ័រកៅស៊ូកម្ពុជា បាននាំចេញទៅកាន់ប្រទេសចិន វៀតណាម សង្ហឹបុរី និងម៉ាឡេស៊ី៕