(កំពត)៖ ក្នុងរយៈពេលបីថ្ងៃ (ចាប់ពីថ្ងៃ២៧-២៩ ខែកញ្ញា) នៃពិធីបុណ្យភ្ជុំបិណ្ឌនៅឆ្នាំ២០១៩នេះ ខេត្តកំពតទាំងមូលទទួលបានភ្ញៀវទេសចរចំនួន ១២២,៤៩៤នាក់ កើនឡើង ៤.១៣ភាគរយ ខណៈស្ថានភាពទូទៅជុំវិញខេត្តក៏មានភាពល្អប្រសើរ ពោលគឺគ្មានបញ្ហាណាមួយកើតឡើងគួរឱ្យកត់សម្គាល់នោះឡើយ។
ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នាព្រឹកថ្ងៃទី៣០ ខែកញ្ញានេះថា «ក្នុងពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃ ភ្ញៀវទេសចរបានអញ្ជើញមកកម្សាន្ត នៅខេត្តកំពតមានចំនួន ១២២,៤៩៤នាក់ កើនឡើង ៤.១៣% បើធៀបនឹងឆ្នាំ២០១៨»។
លោក សយ ស៊ីណុល បានបន្តថា ក្នុងនោះមានទេសចរក្នុងស្រុកចំនួន ១១៧,៦៣៣នាក់ កើនឡើង ៤.២១% រីឯភ្ញៀវទេសចរអន្តរជាតិមានចំនួន២,៥៣៥នាក់ កើនឡើង ០.១៩%។
បើតាមការអះអាងរបស់ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានបញ្ជាក់ថា ក្នុងរយៈពេលបីថ្ងៃ នៃឱកាសពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ស្ថានភាពទូទៅជុំវិញខេត្តកំពត មានភាពល្អប្រសើរ ពុំមានបញ្ហាអ្វីកើតឡើងគួរឱ្យកត់សម្គាល់នោះឡើយ៕