(ភ្នំពេញ)៖ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអនុញ្ញាតឲ្យគណៈប្រតិភូក្រុមប្រឹក្សាអ្នកដឹងនាំនយោបាយវ័យក្មេងមកពីសហរដ្ឋអាមេរិកចំនួន៧រូប និងអ្នកជំនាញជាន់ខ្ពស់ផ្នែកអភិវឌ្ឍសេដ្ឋកិច្ច កិច្ចការប្រតិបត្តិធនធានធម្មជាតិ ការដឹកជញ្ជូន និងការអប់រំ ចូលជួបសវនាការ ដើម្បីស្វែងយល់ពីតួនាទីរបស់ គ.ជ.ប នីតិវិធី និងដំណើរការបោះឆ្នោតនៅកម្ពុជា នារសៀលថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ខាងមុខនេះ នៅសាលប្រជុំ គ.ជ.ប ជាន់ទី១១។
បើតាមសេចក្ដីជូនដំណឹងដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះបានបញ្ជាក់ទៀតថា គណៈប្រតិភូ ACYPL មាន ៣រូប មកពីគណបក្សប្រជាធិបតេយ្យ និង ៤រូបទៀតមកពីគណបក្ស សាធារណរដ្ឋ។ ក្រុមប្រឹក្សា ACYPL គឺជាអង្គការមិនមែនរដ្ឋាភិបាលដែលរៀបចំកម្មវិធីផ្លាស់ប្តូរ (Exchange Program) សម្រាប់អ្នកដឹកនាំនយោបាយដែលមានអាយុក្រោម ៤០ឆ្នាំ ឲ្យទទួលបានបទពិសោធន៍ ទាក់ទងនឹងបរិយាកាសនយោបាយនៃបណ្តាប្រទេសផ្សេងទៀត។ ACYPL មានសមាសភាពដែល ជាសមាជិកសភាសហរដ្ឋអាមេរិក ចំនួន ៣៨រូប និងមានបណ្តាញអតីតនិស្សិតជុំវិញពិភពលោកជាង ៨,៥០០នាក់ មកពី ១២៨ប្រទេស ហើយអង្គការនេះមានអាយុ ៥៣ឆ្នាំមកហើយ។
សូមបញ្ជាក់ផងដែរថា អ្នកនាំពាក្យ គ.ជ.ប នឹងរៀបចំសន្និសីទសារព័ត៌មាន នៅទីស្តីការ គ.ជ.ប បន្ទាប់ពីបញ្ចប់ជំនួបសវនាការនេះ៕