(សៀមរាប)៖ ក្នុងរយៈពេលបីថ្ងៃ (២៧-២៩ ខែកញ្ញា) នៃពិធីបុណ្យភ្ជុំបិណ្ឌ នៅឆ្នាំ២០១៩នេះ ខេត្តសៀមរាបទាំងមូល ទទួលបានភ្ញៀវទេសចរចំនួន ២៤៤,០៧៥នាក់ កើនឡើង ៥.០១% ក្នុងនោះភ្ញៀវទេសចរជាតិមានការកើនឡើង ប៉ុន្តែភ្ញៀវទេសចរអន្តរជាតិបែរជាធ្លាក់ចុះប្រមាណ៣៧.២៣% បើធៀបនឹងរយៈពេលបីថ្ងៃដូចគ្នានៃពិធីបុណ្យភ្ជុំបិណ្ឌ នៅឆ្នាំ២០១៨។
ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប លោក ង៉ូវ សេងកាក់ បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នាព្រឹកថ្ងៃទី៣០ ខែកញ្ញានេះឱ្យដឹងថា «ភ្ញៀវទេសចរដែលមកទស្សនាខេត្តសៀមរាប នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៧-២៩ ខែកញ្ញា មានចំនួនសរុប ២៤៤,០៧៥នាក់ កើនឡើង ៥.០១% បើប្រៀបធៀបរយៈពេលដូចគ្នានៅឆ្នាំ២០១៨ ដែលមានចំនួន ២៣២,៤២២នាក់»។
លោក ង៉ូវ សេងកាក់ បានបន្តថា ក្នុងនោះភ្ញៀវទេសចរអន្តរជាតិមានចំនួន ១៤,០៧៥នាក់ ថយចុះ ៣៧.២៣% បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១៨ ដែលមានចំនួន ២២,៤២២នាក់។ ចំណែកភ្ញៀវទេសចរជាតិមានជាង ២៣ម៉ឺននាក់ កើនឡើង ៩.៥២% បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១៨ ដែលមានប្រមាណ ២១ម៉ឺននាក់៕