(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩។
ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក បានបញ្ជាក់ថា កម្ពុជាបាននិងបន្តស្ថិតក្នុងតំបន់ជ្រលងសម្ពាធទាបនៅឡើយ រួមទាំងឥទ្ធិពលខ្យល់ពីសមុទ្រចិនខាងត្បូងផងនោះ ធ្វើឲ្យ៖
១៖ តំបន់វាលទំនាប នៅបន្តមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីមធ្យមទៅបង្គួរ។ ទន្ទឹមនោះ រាជធានីភ្នំពេញ-ខេត្តមួយចំនួនមាន ៖ កំពត កំពង់ស្ពឺ តាកែវ កណ្តាល ព្រៃវែង ស្វាយរៀង និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន។
២៖ តំបន់ខ្ពស់រាបនឹងអាចមានភ្លៀង ពីតិចទៅមធ្យម។
៣៖ តំបន់មាត់សមុទ្រនឹងអាចមានភ្លៀង ពីតិចទៅបង្គួរ។
ជាមួយគ្នានេះ ក្រសួងធនធានទឹក ក៏បានអំពាវនាវដល់បងប្អូនសូមប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕