(ភ្នំពេញ)៖ បុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌរយៈពេល១៥ថ្ងៃ ត្រូវបានបិទបញ្ចប់ហើយនៅថ្ងៃសៅរ៍ ១៥រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩ម្សិលមិញនេះ។ បុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យដ៏មានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋខ្មែរដែលជាអ្នកមានជំនឿយ៉ាងមុតមាំលើព្រះពុទ្ធសាសនា។
បុណ្យកាន់បិណ្ឌ ឬបុណ្យភ្ជុំបិណ្ឌនេះ បើទោះបីមានការលើកពីហេតុផលផ្សេងៗគ្នាជាច្រើនពីពិធីបុណ្យនេះយ៉ាងណាក្តី។ តែសម្រាប់ពេលបច្ចុប្បន្នពិធីបុណ្យមួយនេះ បានក្លាយទៅជាកាលវេលាដ៏ថ្លៃថ្លាមួយសម្រាប់ប្រជាពលរដ្ឋខ្មែរក្នុងការតបគុណសម្រាប់ជីដូនជីតា លោកឪពុកអ្នកម្តាយ ចាស់ព្រឹទ្ធាចារ្យទាំងអ្នកនៅមានជន្មាយុ និងអ្នកដែលបានធ្វើមរណកាលទៅហើយក្តី។
ដើម្បីញ៉ាំងឱ្យប្រជាពលរដ្ឋខ្មែរមានពេលវេលាគ្រប់គ្រាន់សម្រាប់ការប្រារព្ធពិធីបុណ្យ ឬក៏ធ្វើក្តីតបគុណសម្រាប់អ្នកមានគុណរបស់គេនោះ នៅក្នុងប្រតិទិនឈប់សម្រាកប្រចាំឆ្នាំរាជរដ្ឋាភិបាលខ្មែរ បានកំណត់ឱ្យឈប់សម្រាករយៈពេល៣ថ្ងៃនៅក្នុងកំលុងពេលនៃការប្រារព្ធពិធីបុណ្យនេះ។
ក្នុងកំលុងនៃការឈប់សម្រាករយៈពេល៣ថ្ងៃនេះ ប្រជាពលរដ្ឋខ្មែរជាពិសេសអ្នកដែលឃ្លាតចាកឆ្ងាយស្រុក ដើម្បីសិក្សារៀនសូត្រ ដើម្បីប្រកបការងារចិញ្ចឹមជីវិតទាំងនៅក្នុងប្រទេស ក៏ដូចជានៅក្រៅប្រទេស ពួកគេសុទ្ធតែបានធ្វើដំណើរទៅកាន់ស្រុកកំណើតរបស់ពួកគេ។ រាជធានីភ្នំពេញទីប្រជុំនៃប្រជាពលរដ្ឋមកពីគ្រប់ទិសទីដែលធ្លាប់តែមានសភាពអ៊ូអរ និងកកកុញដោយដោយចំនួនមនុស្ស និងយានយន្ត ក៏ត្រូវប្រែស្ងប់ស្ងាត់ផងដែរ។
ជាការកត់សម្គាល់តាមទីអារាមរបស់ខ្មែរទូទាំងប្រទេសជិត៥ពាន់វត្តបើពិនិត្យមើលទៅ គឺមានសភាពអ៊ូអរតាំងពីថ្ងៃកាន់បិណ្ឌទី១មកម្ល៉េះ។ ប៉ុន្តែនៅថ្ងៃភ្ជុំបិណ្ឌ ឬភ្ជុំធំ ដែលជាថ្ងៃចុងក្រោយនេះ នៅគ្រប់ទីអារាម គឺកកកុញដោយប្រជាពុទ្ធបរិស័ទ។ នៅថ្ងៃចុងក្រោយនេះប្រជាពលរដ្ឋខ្មែរទោះបីត្រូវជាប់មមាញឹកជាមួយភារកិច្ចយ៉ាងណាក៏ដោយ ក៏ត្រូវតែឆ្លៀតឱ្យបានមួយថ្ងៃ ដើម្បីជួបជុំក្រុមគ្រួសារទៅកាន់ទីអារាមប្រគេនចង្ហាន់ និងឧទ្ទិកុសលផលបុណ្យជូនដល់បុព្វការីជន និងញាតិការបស់ពួកគេ។
ស្នាមញញឹមពព្រាយត្រូវបានរំលេចឡើងនៅលើផ្ទៃមុខរបស់ប្រជាពុទ្ធបរិស័ទខ្មែរនៅពេលពួកគេបានធ្វើបុណ្យធ្វើទានឧទ្ទិសកុសលជូនជីដូនជីតា បុព្វការីជនរបស់ពួកគេជាមួយក្រុមគ្រួសារ។ ស្នាមញញឹមនេះ បានបង្ហាញពីសេចក្តីសុខកាយសប្បាយចិត្តរបស់ប្រជាពលរដ្ឋខ្មែរនៅពេលបានធ្វើឱ្យទង្វើជាកុសលជូនដល់អ្នកមានគុណូបការដ៏ជ្រាលជ្រៅ។
ទិដ្ឋភាពជួបជុំធ្វើបុណ្យបញ្ជូនកុសលដ៏រីករាយរំលេចឡើងក្នុងថ្ងៃបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌដែលជាប្រវេណីដ៏ថ្លៃថ្លារបស់ខ្មែរនេះ ត្រូវពឹងអាស្រ័យលើកត្តាចម្បងចំនួនពីរ គឺកត្តាជីវភាព និងសុខសន្តិភាពរបស់ជាតិដែលកំពុងគ្របដណ្តប់ពាសពេញប្រទេសនាពេលបច្ចុប្បន្ន។
ច្បាស់ណាស់ការធ្វើបុណ្យទានអាស្រ័យលើកម្លាំងសទ្ធា តែក៏នៅតែទាមទារឱ្យប្រជាពលរដ្ឋមានលទ្ធភាព មានប្រាក់កាកផងដែរ សម្រាប់ធ្វើចង្ហាន់ ទិញយកទេយ្យទានផ្សេងៗយកទៅប្រគេនព្រះសង្ឃ។ បច្ចុប្បន្នគ្រាដែលកំណើនសេដ្ឋកិច្ចជាតិមានការវិវឌ្ឍន៍ឡើង កម្រិតជីវភាពរបស់ប្រជាពលរដ្ឋក៏ត្រូវបានមើលឃើញថាមានប្រសើរច្រើនដែរ។ នៅតាមទីអារាមត្រូវបានសង្កេតឃើញថា មធ្យោបាយសម្រាប់ទៅវត្តមិនថាវត្តទីក្រុងនោះទេ នៅតាមទីជនបទដាច់ស្រយាលយ៉ាងណា ក៏នៅឃើញមានម៉ូតូ និងរថយន្តរបស់ប្រជាពុទ្ធបរិស័ទបានចូលទៅទីអារាមដើម្បីធ្វើបុណ្យ ធ្វើទានផងដែរ។
បន្ថែមពីលើនោះនៅតាមបណ្តោយផ្លូវជាតិរបស់កម្ពុជា គេក៏បានសង្កេតឃើញពីភាពមមាញឹកនៃការធ្វើដំណើររបស់ប្រជាពលរដ្ឋទាំងរថយន្ត និងម៉ូតូមានកំណើនឡើងច្រើន រហូតផ្លូវខ្លះមានការកកស្ទះថែមទៀតផង ដែលនេះបានបង្ហាញឱ្យឃើញពីភាពប្រសើរឡើងនៃកម្រិតជីវភាពរបស់ប្រជាពលរដ្ឋខ្មែរ។
កត្តាជីវភាពជារឿងចាំបាច់មួយញ៉ាំងឱ្យប្រជាពលរដ្ឋកើតសទ្ធាអញ្ជើញទៅកាន់ទីអារាម ដើម្បីបារព្ធពិធីបុណ្យភ្ជុំបិណ្ឌ តែកត្តាកាន់តែសំខាន់ទៀតនោះ គឺម្លប់នៃសុខសន្តិភាពនេះតែម្តង។
និយាយដល់សុខសន្តិភាពនេះ បើយើងក្រឡេកទៅអតីតកាលរបស់កម្ពុជាវិញ ចាប់ពីត្រឹមចុងទសវត្សរ៍ឆ្នាំ៦០ ដល់ឆ្នាំ៧៥ បើទោះបីពលរដ្ឋខ្មែរនៅមានសិទ្ធិក្នុងការធ្វើបុណ្យទាន តែត្រូវជួបការលំបាកច្រើន ព្រោះប្រទេសជាតិត្រូវធ្លាក់ផុងក្នុងភ្លើងសង្គ្រាម។ លុះចាប់ពីឆ្នាំ៧៥ រហូតដល់ឆ្នាំ៧៩ ក្នុងរបបអាវខ្មៅ ប៉ុល ពត ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ប្រជាពលរដ្ឋខ្មែរដែលមានជំនឿងមុតមាំក្នុងព្រះពុទ្ធសាសនានេះ គ្មានឱកាសប្រារព្ធពិធីបុណ្យភ្ជុំ ធ្វើបុណ្យឧទ្ទិសកុសលដល់ជីដូនជីតា និងបុព្វការីជនតាមលំអានប្រពៃណីនោះឡើយ។
រាប់ចាប់ពីក្រោយថ្ងៃរំដោះរហូតដល់ពេលបិទបញ្ចប់សង្គ្រាមទាំងនៅចុងទសវត្សរ៍ឆ្នាំ១៩៩៨។ បើទោះបីថា របបប្រល័យពូជសាសន៍ ប៉ុល ពត ត្រូវបានវាយផ្តួលរំលំទៅហើយក្តី តែកម្ពុជានៅតែយាយីដោយភ្លើងសង្គ្រាម បូករួមជាមួយកម្រិតជីវភាពរបស់ប្រជាពលរដ្ឋនៅមានកម្រិតផងនោះ ជាហេតុនាំឱ្យការធ្វើបុណ្យទានមិនមានសភាពអ៊ូអរដូចពេលបច្ចុប្បន្ននោះឡើយ។
ចាប់តាំងពីកម្ពុជាត្រូវបានបញ្ចប់ភ្លើងសង្គ្រាមទាំងស្រុងក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជានៅចុងឆ្នាំ១៩៩៨មក បានផ្តល់ឱកាសពេញលេញសម្រាប់ប្រជាពលរដ្ឋក្នុងការកសាងជីវភាពឱ្យកាន់តែប្រសើរ ហើយក៏បានញ៉ាំងឱ្យសទ្ធារបស់ពួកគេកាន់តែជ្រះថ្លាក្នុងការធ្វើបុណ្យកុសល ដែលជាការរួមចំណែកលើកស្ទួយវិស័យព្រះពុទ្ធសាសនាកាន់តែរឹងមាំឡើងផងដែរ។ មកដល់ពេលបច្ចុប្បន្នព្រោះតែជីវភាពរបស់ប្រជាពុទ្ធបរិស័ទមានភាពល្អប្រសើរ បានធ្វើឱ្យការបំពេញកុសលកាន់មុតមាំរួមចំណែកកសាងទីអារាមបានកាន់តែច្រើនសម្រាប់ការគោរពប្រណិប័តន៍តាមពុទ្ធោវាទរបស់ព្រះសម្មាសម្ពុទ្ធជាព្រះបរមគ្រូ។
របាយការណ៍របស់ក្រសួងធម្មការ និងសាសនាបានបង្ហាញថា នៅទូទាំងប្រទេសកម្ពុជានាពេលបច្ចុប្បន្នមានទីអារាមរហូតដល់ជិត ៥ពាន់វត្ត និងព្រះសង្ឃរហូតដល់ទៅជាង ៦ម៉ឺនអង្គ។ នេះសរបង្ហាញឱ្យឃើញពីការវិវឌ្ឍន៍ដ៏ប្រសើរទៅលើវិស័យព្រះពុទ្ធសាសនារបស់ខ្មែរក្រោមការគាំទ្រយ៉ាងមុតមាំពីប្រជាពុទ្ធបរិស័ទ រាប់ចាប់ពីព្រះមហាក្សត្រ នាយករដ្ឋមន្ត្រី និងប្រជាពលរដ្ឋសាមញ្ញ។
ជារួមមកតម្លៃនៃសុខសន្តិភាពនៅតែជាធាតុមានតម្លៃដ៏វិសេសវិសាលសម្រាប់ញ៉ាំងនូវជំនឿរបស់ប្រជាពលរដ្ឋខ្មែរក្នុងការធ្វើបុណ្យទាន ក៏ដូចជាកសាងជីវិតឱ្យបានកាន់តែប្រសើរ។ ដូច្នេះប្រជាពលរដ្ឋខ្មែរគ្រប់រូបទោះក្នុងតម្លៃណាក៏ដោយត្រូវតែរួបរួមគ្នាកសាង និងរក្សាឱ្យបានជាដាច់ខាតនូវសុខសន្តិភាពដែលកំពុងគ្របដណ្តប់លើដែនដីកម្ពុជរដ្ឋ ដែលពលរដ្ឋកម្ពុជារួមគ្នាកសាងឡើងមកដោយលំបាក។ ត្រូវចាំថា បើគ្មានសន្តិភាពហើយ អ្វីៗនឹងត្រូវបាត់បង់ទាំងអស់ គ្មានឡើយការគោរពប្រណិប័តន៍នូវជំនឿ ការកសាងជីវភាព ជាពិសេសភាពរីករាយ ការជួបជុំ និងស្នាមញញឹម៕
ដោយ៖ វ៉ាន់ សារាយ