(ព្រៃវែង)៖ រយៈពេល១៥ថ្ងៃ ចាប់តាំងពីថ្ងៃពិធីកាន់បិណ្ឌវេនទី១ ថ្ងៃសៅរ៍ ១រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា រហូតមកដល់ថ្ងៃភ្ជុំបិណ្ឌថ្ងៃសៅរ៍ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩ មានបងប្អូនកម្មករ ពលករដែលកំពុងបំពេញការងារនៅតាមរោងចក្រ សហគ្រាសនិងកន្លែងអាជីវកម្មនានាក្នុងប្រទេសស្ទើរតែទាំងអស់និងមួយចំនួននៅក្រៅប្រទេសបានវិលត្រឡប់មកជួបជុំគ្រួសារញាតិមិត្តនៅតាមភូមិស្រុករបស់បងប្អូនវិញដើម្បីប្រារព្វពិធីបុណ្យប្រពៃណីព្រះពុទ្ធសាសនាដ៏មហោឡារិកនេះ។
ក្រុមការងារចុះជួយមូលដ្ឋានស្រុកក្រុងនានានៅក្នុងខេត្តព្រៃវែងទាំងមូល បានឆ្លៀតក្នុងឱកាសដ៏អធិកអធមនេះចុះជួបផ្ទាល់ជាមួយបងប្អូនកម្មករ ពលករចំណាកស្រុកនិងក្រុមញាតិគ្រួសារនៅតាមខ្នងផ្ទះ តាមទីវត្តអារាមនិងទីកន្លែងប្រមូលផ្តុំនានាដើម្បីធ្វើការសំណេះសំណាលផ្សារភ្ជាប់មនោសញ្ចេតនារួមសុខទុក្ខ ព្រមទាំងឆ្លៀតផ្សព្វផ្សាយបច្ចុប្បន្នភាពសភាពការណ៍ស្រុកទេសជូនបងប្អូនទាំងអស់នោះ។
ដោយឡែក នាព្រឹកថ្ងៃអាទិត្យ ទី២៩ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅទីលានបាល់ទាត់ស្រុកបាភ្នំមានការជួបជុំប្រមូលផ្តុំសំណេះសំណាលសាកសួរសុខទុក្ខរវាងក្រុមការងារជាមួយបងប្អូនកម្មករ ពលករចំណាកស្រុកប្រមាណ ៣៥០០នាក់។ ថ្លែងទៅកាន់ពិធីសំណេះសំណាល លោក ព្រុំ សុខា ប្រធានក្រុមការងារ បានថ្លែងអំណរគុណក្នុងនាមរាជរដ្ឋាភិបាល ជូនចំពោះបងប្អូនកម្មករ ពលករចំណាកស្រុកទាំងអស់និងក្រុមញាតិគ្រួសារដែលបានពង្រឹងជំនឿជាក់ គាំទ្រដោយឥតងាករេចំពោះគណបក្សប្រជាជនកម្ពុជា ដោយចូលរួមថែទាំសេចក្តីសុខចម្រើននៅក្នុងមូលដ្ឋានភូមិឃុំរបស់ខ្លួន រួមចំណែកយ៉ាងសំខាន់ដល់ការរក្សាសុខសន្តិភាព និងការអភិវឌ្ឍសម្រាប់អនាគតពោរពេញដោយក្តីសង្ឃឹមរបស់ប្រទេសជាតិ។
ឆ្លៀតពេលនោះ លោកប្រធានក្រុមការងារបានគូសបញ្ជាក់ពីល្បិចកលពឹសពុលនៃឧបាយកលបដិវត្តន៍ពណ៌របស់ក្រុមប្រឆាំងក្រៅច្បាប់តាមរយៈការឃោសនាអកុសលនូវអ្វីដែលគេហៅថា «ការវិលត្រឡប់មកវិញនៃទណ្ឌិត សម រង្សី»។ ទន្ទឹមនោះ លោក ព្រុំ សុខា ក៏បានលើកទឹកចិត្ត ពង្រឹងស្មារតីជឿជាក់លើបញ្ញាញាណដឹកនាំរបស់ឥស្សរជនជាតិក្នុងការដោះស្រាយបញ្ហាប្រឈមនានាពាក់ព័ន្ធដល់សន្តិសុខការងារ របបសន្តិសុខសង្គម និងការយកចិត្តទុកដាក់សព្វបែបយ៉ាងរបស់រដ្ឋចំពោះ ជីវភាពរបស់បងប្អូនកម្មករ ពលករគ្រប់មជ្ឈដ្ឋាន ពិសេសត្រូវនឹងនរចំពោះសង្គ្រាមចិត្តសាស្ត្រពាក់ព័ន្ធដល់បញ្ហា EBA។
ជារួម លោកប្រធានក្រុមការងារបានសង្កត់ធ្ងន់ថា ដើម្បីធានាឱ្យសង្គមជាតិយើងបន្តមានសុខសន្តិភាព និងការអភិវឌ្ឍលើផ្លូវប្រជាធិបតេយ្យ សេរី ពហុបក្ស និងនីតិរដ្ឋជារៀងដរាប ចាំបាច់ត្រូវពង្រឹងធ្លុងសាមគ្គីភាពជាតិ អធិបតេយ្យភាពជាតិរឹងមាំប្រឆាំងរាល់អំពើវិទ្ធង្សនាប៉ុនប៉ងផ្តួលរំលំរដ្ឋអំណាចស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតត្រឹមត្រូវ និងស្របច្បាប់របស់ប្រជាជន ជាមួយការពួតដៃគ្នាយ៉ាងប្តូរផ្តាច់សំដៅកសាងអភិវឌ្ឍប្រទេសជាតិឱ្យបន្តរីកចម្រើនលើគ្រប់វិស័យដើម្បីអនាគតរុងរឿង ថ្កុំថ្កើងរបស់បងប្អូនកូនចៅយើងជំនាន់នេះនិងជំនាន់ក្រោយទៀតជារៀងរហូតទៅ៕