សមាជិកគ្រួសារអ្នកសារព័ត៌មាន ក្នុងខេត្តពោធិ៍សាត់ ប្រកាសស្វែងរកជំនួយមនុស្សធម៌ ជូនលោក ណៅ ធឿន អ្នកសារព័ត៌មានជើងចាស់
29-09-2019 14:56
(ពោធិ៍សាត់)៖ ក្រោយពីទទួលដំណឹង អំពីអ្នកសារព័ត៌មានជើងចាស់ នៃសារព័ត៌មានរស្មីកម្ពុជា និងទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ប្រចាំខេត្តពោធិ៍សាត់ គឺលោក ណៅ ធឿន បានជួបនៅការលំបាក ពោលគឺមានជំងឺធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃ ឯរាជធានីភ្នំពេញ។
នាពេលថ្មីៗនេះ លោក សោម ជាទី (Ti Amo) ដែលជាសមាជិកគ្រួសារអ្នកសារព័ត៌មាន ក្នុងខេត្តពោធិ៍សាត់ បានប្រកាសស្វែងរកថវិកា ចំពោះសប្បុរសជនក្នុង និងក្រៅខេត្ត ដើម្បីជួយដល់លោក ណៅ ធឿន ដែលកំពុងស្ថិត ក្នុងស្ថានភាពសង្គ្រោះបន្ទាន់ផងដែរ។
ក្នុងនោះ លោក សោម ជាទី ក៏បានបង្ហោះសារមួយថា «នៅប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យ អ្នកសារព័ត៌មាន បានដើរតួយ៉ាងសំខាន់ ក្នុងការនាំដំណឹង ជូនសាធារណៈជន និងរដ្ឋាភិបាល ប្រកបដោយតម្លាភាព ភាពត្រឹមត្រូវ និងទាន់ហេតុការណ៍ ដោយឡែកប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន ក៏បានអនុវត្តន៍លទ្ធិប្រជាធិបតេយ្យយ៉ាងពេញលេញ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។
ពីមួយថ្ងៃទៅមួយថ្ងៃ សេរីភាពអ្នកសារព័ត៌មានកម្ពុជា មានការកើនឡើងវិជ្ជមាន បើទោះបី ពេលខ្លះ ដើរយឺត ពេលខ្លះលឿន តែទៅមុខរហូត។ ហើយបញ្ហារបស់អ្នកសារព័ត៌មាន គឺបានជួយឲ្យសេរីភាព សារព័ត៌មានកម្ពុជា កាន់តែទូលំទូលាយ។
ក្រឡេកមកវិញ ជីវិតរបស់អ្នកសារព័ត៌មានជើងចាស់មួយរូប ប្រចាំខេត្តពោធិ៍សាត់ គឺលោក ណៅ ធឿន បានបំពេញតួនាទីជាអ្នកសារព័ត៌មាន តាំងពីអំឡុងឆ្នាំ៨០ផ្លាយ រហូតមកដល់បច្ចុប្បន្ន នៅពេលនេះ រូបគាត់កំពុងស្ថិត ក្នុងស្ថានភាពពិបាកខ្លាំង ព្រោះគាត់មានវ័យកាន់តែចាស់ ប្រពន្ធ និងកូនក៏គ្មាន មិនមានប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ និងមានជំងឺប្រចាំកាយជាប់ខ្លួន បើបងប្អូនចង់ជួយគាត់ សូមទាក់ទងទៅលេខគាត់ផ្ទាល់ ០១១ ៧០០៩០៧ សូមអរគុណ!»៕