(កាណាដា)៖ មហាសនិ្នបាតលើកទី៤០ របស់អង្គការអាកាសចរស៊ីវិលអន្តរជាតិ (ICAO) បានដំណើរការ កិច្ចប្រជុំចូលដល់ថ្ងៃទី៤ ត្រូវថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩ និងមានរៀបចំបោះឆ្នោតជ្រើសរើស រដ្ឋសមាជិកក្រុមប្រឹក្សាថ្មី ក្នុងផ្នែកទី១ និងទី២ នៃអង្គការអន្តរជាតិមួយនេះ សម្រាប់អាណត្តិឆ្នាំ២០២០ ដល់ឆ្នាំ២០២២ ក្រោយពីមានដំណើរកិច្ចប្រជុំគណៈកម្មាធិការ ប្រតិបត្តិបច្ចេកទេស សេដ្ឋកិច្ចច្បាប់ និងរដ្ឋបាល។

ជាលទ្ធបឋម នៃអង្គមហាសន្និបាត អង្គការអាកាសចរស៊ីវិលអន្តរជាតិ និងរដ្ឋសមាជិកទាំង១៦៨ប្រទេស បានទទួលស្គាល់អំពីភាពជោគជ័យ នៃការខិតខំប្រឹងប្រែងរួមទាំងអស់គ្នា ដែលនាំមកនូវភាពប្រសើរឡើងសុវត្ថិភាព សន្តិសុខ និងនីរន្តរភាពនៃប្រព័ន្ធអាកាសចរស៊ីវិលអន្តរជាតិ។

អង្គសន្និបាត ក៏វាយតម្លៃយ៉ាងខ្ពស់ លើប្រសិទ្ធភាពនៃការដាក់ឲ្យអនុវត្តគំនិតផ្តួចផ្តើម «មិនទុកឲ្យប្រទេសណាមួយនៅក្រោយគេ» តាមរយៈសកម្មភាពផ្សព្វផ្សាយជ្រោតជ្រាបជាសកល អំពីការអនុវត្តការងារឲ្យមានប្រសិទ្ធិភាព តាមកម្រិតស្តង់ដារ និងអនុសារណៈ គោលនយោបាយ និងកម្មវិធី ដែលដាក់ចេញដោយអង្គការអាកាសចរស៊ិវិលអន្តរជាតិ។

ទន្ទឹមនឹងនេះ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល តាមរយៈទទួលបានសិទ្ធិប្រទានពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបន្តចូលរួមមហាសន្និបាត និងបោះឆ្នោតជ្រើសរើស រដ្ឋសមាជិកក្រុមប្រឹក្សាថ្មីទាំង២ផ្នែកនេះ រួមមាន៖

* ផ្នែកទី១៖ រដ្ឋសមាជិក មានសារៈសំខាន់បំផុត ក្នុងវិស័យដឹកជញ្ជូន តាមផ្លូវអាកាស
* ផ្នែកទី២៖ រដ្ឋសមាជិក ចូលរួមវិភាគទានធំបំផុត លើការផ្គង់ផ្គង់គ្រឿងបរិក្ខារ អាកាសចរស៊ីវិលអន្តរជាតិ។

សូមបញ្ជាក់ថា តបតាមការអញ្ជើញរបស់ លោកស្រីបណ្ឌិត ហ្វាង លូ (Fang Lui) អគ្គលេខាធិការ នៃអង្គការអាកាសចរស៊ីវិលអន្តរជាតិ (ICAO) ដែលជាស្ថាប័នមួយរបស់អង្គការសហប្រជាជាតិ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានដឹកនាំគណៈប្រតិភូ ចូលរួមប្រជុំមហាសនិ្នបាតលើកទី៤០ ចាប់ពីថ្ងៃទី២៤ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា។

លោកបណ្ឌិត រដ្ឋមន្ត្រី បានថ្លែងជម្រាបជូនអង្គមហាសន្និបាត អំពីភាពរីកចម្រើនវិស័យអាកាសចរស៊ីវិលនៅប្រទេសកម្ពុជា និងបណ្តាកត្តាប្រឈមមួយចំនួន ក្នុងនាមជាប្រទេសតូច តែមានសក្តានុពលខ្ពស់ នៃប្រព័ន្ធដឹកជញ្ជូនតាមផ្លូវអាកាសក្នុងតំបន់។

ក្រៅពីការចូលរួមហាសន្និបាត លើកទី៤០នេះ លោកបណ្ឌិតរដ្ឋមន្ត្រី ក៏បានជួបប្រជុំទ្វេភាគី ជាមួយថ្នាក់ដឹកនាំទទួលបន្ទុកវិស័យ អាកាសចរស៊ីវិល របស់បណ្តាប្រទេសក្នុងតំបន់អាស៊ាន និងមជ្ឈិមបូព៌ា និងតំណាង អង្គការអាកាសចរស៊ីវិលអន្តរជាតិ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការបច្ចេកទេស និងជំរុញការដឹកជញ្ជូនតាមផ្លូវអាកាស មកកាន់កម្ពុជាផងដែរ៕