(ត្បូងឃ្មុំ)៖ លោក ជាម ច័ន្ទសោភ័ណ ថ្លែងថា វិស័យពុទ្ធចក្រនៅកម្ពុជា ត្រូវបានលើកកម្ពស់រីកចម្រើនទូទាំងប្រទេស រហូតមកដល់បច្ចុប្បន្ននេះ គឺក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលរុញច្រានឲ្យគ្រប់ទីវត្តអារាម មានប្រជាពលរដ្ឋធ្វើបុណ្យដាក់បាត្ យ៉ាងអ៊ូអរក្នុងថ្ងៃបុណ្យសាសនាបែបនេះ។
លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ថ្លែងបែបនេះ ក្នុងឱកាសលោក និងលោកស្រី រួមទាំងក្រុមគ្រួសារ អញ្ជើញទៅចូលរួមដាក់បិណ្ឌវេនទី១៥ ថ្ងៃប្រជុំបិណ្ឌ នៅវត្តព្រៃនគរក្នុង ជារមណីយដ្ឋានប្រវត្តិសាស្ត្រហ្លួងព្រះស្តេចកន ស្ថិតក្នុងឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩ ម្សិលមិញ។
លោកអភិបាលខេត្ត ថ្លែងប្រាប់ទៅកាន់លោកតាលោកយាយ និងប្រជាពលរដ្ឋចំណុះជើងវត្តយ៉ាងច្រើនកុះករទៀតថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន បាននាំយកប្រទេសចេញពីភ្នក់ភ្លើងសង្គ្រាម ដោយអនុវត្តន៍យុទ្ធសាស្ត្រឈ្នះៗ ក្នុងការផ្សះផ្សារបង្រួបបង្រួមជាតិ ដែលធ្វើឲ្យប្រទេសមានសុខសន្តិភាពពេញលេញ ប្រជាពលរដ្ឋប្រកបរបរទទួលទានបានដោយសេរី ធ្វើឲ្យមានជីវភាពធូរធារ ទើបពលរដ្ឋមានលទ្ធភាព និងឪកាសធ្វើបុណ្យនានាជុំបងប្អូន ដោយសប្បាយរីករាយបែបនេះ ពិសេសពិធីបុណ្យភ្ជុំបិណ្ឌនេះតែម្តង។
លោក ជាម ច័ន្ទសោភ័ណ បានអំពាវនាវឲ្យលោកយាយលោកតា ត្រូវជឿជាក់គាំទ្របន្តឈរលើនាវាសុខសន្តិភាព រួមជាមួយសម្តេចតេជោ ហ៊ុន សែន ឆ្ពោះទៅកាន់ត្រើយការអភិវឌ្ឍ។
ក្នុងឱកាសនោះ លោក ជាម ច័ន្ទសោភ័ណ និងលោកស្រី បាននាំយកទេយ្យទាន គ្រឿងឧបភោគបរិភោគ និងថវិកាចំនួន ៤លានរៀល ទៅប្រគេនជូនវត្ត សម្រាប់ចូលរួមទ្រទ្រង់ជាបន្តក្នុងទីអារាមមួយនេះ ដើម្បីម្រើឲ្យវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ព្រមទាំងចែកថវិកាដល់លោកតាលោកយាយ និងកុមារាកុមារី ក្រុមវង់ភ្លេងបុរាណខ្មែរ ប្រកបដោយទឹកមុខសប្បាយរីករាយ និងស្និទ្ធស្នាល ក្នុងនាមជាមេគ្រួសារ និងអាណាព្យាបាលរបស់ពលរដ្ឋ ក្នុងខេត្តត្បូងឃ្មុំទាំងមូល៕