(តាកែវ)៖ និយាយទាំងទឹកភ្នែកដោយសារធ្លាប់រងទុក្ខវេទនាក្នុងសម័យសង្គ្រាម ពិសេសក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលកាប់សម្លាប់មនុស្សយ៉ាងព្រៃផ្សៃបំផុតនោះ ប្រជាពលរដ្ឋដែលមានក្រុមគ្រួសារស្លាប់ក្នុងរបបនោះ បានក្រើនរំលឹកឲ្យអ្នកស្រលាញ់សន្ដិភាព កុំដើរតាមក្រុមក្បត់ជាតិ ដែលញុះញង់ចង់បំផ្លាញសុខ សន្ដិភាព។
នឹកឃើញរឿងរ៉ាវដ៏ខ្លោចផ្សាព្រោះអ្នកតែនយោបាយបំផ្លាញជាតិនោះ ប្រជាពលរដ្ឋរស់នៅខេត្តតាកែវ បានប្រកាសថា ពួកគាត់ស្រលាញ់សន្ដិភាព និងការអភិវឌ្ឍណាស់ មិនចង់ឲ្យប្រទេសមួយនេះធ្លាក់ក្នុងភ្លើងសង្គ្រាមទៀតនោះទេ ពោលប្រឆាំងដាច់ខាតចំពោះក្រុមក្បត់ជាតិ ដែលដឹកនាំដោយទណ្ឌិត សម រង្ស៉ី ដែលប្រមាថព្រះមហាក្សត្រ និងចង់ដណ្ដើមអំណាច។
ពលរដ្ឋរូបនេះបាននិយាយទាំងទឹកភ្នែកហូរថា «សូមពលរដ្ឋទូទាំងប្រទេស ភ្ញាក់រលឹកឡើងកុំទៅតាមពួកអាជនក្បត់ជាតិនោះ វាអ្នកនយោបាយមួយចំនួន បំផ្លាញតែស្រុកទេសទេ។ ខ្ញុំកើតមក ខ្ញុំជួបសង្គ្រាមរហូត ពួកលន់ នល់ ពួកសិរី មតៈ វាត្រូវការទម្លាក់សម្ដេចតាចោល ហើយយកតែគ្រាប់បែកមកទម្លាក់ ហើយរបបប៉ុល ពត ចូលមកទៀត មានការកាប់សម្លាប់គ្រួសារខ្ញុំច្រើនណាស់ បងប្អូនខ្ញុំស្លាប់ក្នុងរបប ប៉ុល ពតច្រើនណាស់ ខ្ញុំមិនចង់ឲ្យកើតសង្គ្រាមទៀតទេ។ សព្វថ្ងៃខំធ្វើបុណ្យឲ្យអ្នកទាំងនោះ ដែលគេបានស្លាប់ដោយគ្មានទោសពៃទាំងអស់ ចឹងដោយសារអ្នកនយោបាយក្បត់ជាតិ ធ្វើឲ្យស្រុកខ្មែរយើងប្រជារាស្ដ្រ រងទុក្ខកន្លងមក តែសព្វថ្ងៃនេះវាបានសុខប៉ុណ្ណឹងហើយ មានពួកអាក្បត់ជាតិវាមករុករានទៀត»។
សូមជំរាបថា នៅក្នុងកិច្ចសម្ភាសន៍វិទ្យុអាស៊ីសេរី (RFA) នាយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅ, សម្តីជនថោកទាប ក្បត់ជាតិសាសន៍ ក្បត់ព្រះមហាក្សត្រគឺទណ្ឌិត សម រង្ស៉ី បានបន្តប្រមាថព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតនៃរាស្រ្តខ្មែរ យ៉ាងធ្ងន់ធ្ងរបំផុតនៅក្នុងកម្មវិធី Hello VOA ដោយប្រើពាក្យប្រមាថធ្ងន់ៗបំផុត។
សម្តីជនថោកទាប សម រង្ស៉ី បាននិយាយយ៉ាងដូច្នេះថា៖ «...ព្រះមហាក្សត្រមិនដែលបើកព្រះនេត្រ ឃើញទុក្ខវេទនារបស់ប្រជារាស្រ្តខ្មែរទេ ព្រះមហាក្សត្រសព្វថ្ងៃ ដូចខ្ញុំនិយាយម្តងទៀត ចង់កាត់ទោសខ្ញុំមួយម៉ឺនដងទៀត អត់ខ្វល់ដែរ ព្រះមហាក្សត្រសព្វថ្ងៃ ជាចំណាប់ខ្មាំងរបស់ ហ៊ុន សែន ព្រះមហាក្សត្រសព្វថ្ងៃជាអាយ៉ងរបស់ ហ៊ុន សែន ព្រះមហាក្សត្រសព្វថ្ងៃ ធ្វើអ្វីតាមដែល ហ៊ុន សែន បញ្ជាឲ្យព្រះអង្គធ្វើទាំងអស់ ដូច្នេះព្រះមហាក្សត្រសព្វថ្ងៃ ជាព្រះមហាក្សត្រអត់បានការ អត់ប្រយោជន៍ ខ្ញុំអត់ចាប់អារម្មណ៍ អត់គោរពព្រះមហាក្សត្រសព្វថ្ងៃ....»។
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៧ បានចែងថា «អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ»។ មាត្រា៨ បានចែងថា «ព្រះមហាក្សត្រ ព្រះអង្គទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរ៍ភាពជាតិ។ ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរាណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និងការគោរពសន្ធិសញ្ញាអន្តរជាតិ»។
ជនក្បត់ជាតិ សម រង្ស៉ី បានប្រកាសនឹងវិលត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខ ដើម្បីប្រឆាំង និងផ្តួលរបបដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បច្ចុប្បន្ន។ ការវិលត្រឡប់នេះត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រកាសថា ជាការប៉ុនប៉ងធ្វើរដ្ឋប្រហាររាជរដ្ឋាភិបាលស្របច្បាប់ កើតចេញពីការបោះឆ្នោត៕