(កំពង់ធំ)៖ លោក គង់ សូលីដា អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងទេសចរណ៍ តំណាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតី ក្នុងពិធីចែករង្វាន់ប្រណាំងទូកផ្កាចារ ដើម្បីអបអរពិធីបុណ្យភ្ជុំបិណ្ឌ នៅរមណីយដ្ឋានអូរកាច់ ស្ថិតនៅឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ នាល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩។

លោក អ៊ួង សារឿន អភិបាលស្រុកបារាយណ៍ បានធ្វើរបាយការណ៍សង្ខេបពីពិធីប្រណាំងទូក មានរយៈពេល២ថ្ងៃ គឺថ្ងៃ២៧ និងថ្ងៃទី២៨ ខែកញ្ញា ដែលមានទូកចូលរួមចំនួន ១៧ទូក (ឃុំបារាយណ៍ ១៥ទូក និងឃុំឈូកខ្សាច់២ទូក) ក្នុងនោះ មានទូកនារី១ទូក ជាទូកកិត្តិយស ព្រមទាំងមានប្រជាពលរដ្ឋមកទស្សនាកម្សាន្តយ៉ាងច្រើនកុះករ។

ពិធីប្រណាំងទូកផ្កាចារនេះ ប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ អនាម័យ បរិស្ថានល្អ និងទទួលបានជោគជ័យដ៏ល្អ ពិសេសគឺមានការចូលរួមឧបត្ថម្ភគាំទ្រពីលោក ថោង ខុន ក្រុមការងារ ចុះជួយឃុំបារាយណ៍មន្ទីរខេត្ត រដ្ឋបាលស្រុក ឃុំ ភូមិ ក្រុមហ៊ុន អាជីវករ និងប្រជាពលរដ្ឋឃុំបារាយណ៍ និងឃុំឈូកខ្សាច់។

លោក គង់ សូលីដា បានលើកឡើងថា ដោយសារប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើន ទើបយើងមានឱកាសរៀបចំពិធីប្រណាំងទូកនេះដ៌មហោឡារិក និងសប្បាយរីករាយ ក្រោមម្លប់នៃសន្តិភាព។ ដូច្នេះ ទោះក្នុងតម្លៃណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ ប្ដេជ្ញាថែរក្សាការពារសុខសន្តិភាព ស្ថេរភាព ទប់ស្កាត់ចលនាបដិវត្តន៍ពណ៍ និងការប៉ុនប៉ងធ្វើរដ្ឋប្រហារ ពិសេសគឺការការពារ ព្រះរាជបល្ល័ង្ករបស់ព្រះមហាក្សត្រនៃយើង ដើម្បីព្រះអង្គគង់ជាម្លប់ដ៏ត្រជាក់សម្រាប់កូនចៅនាពេលបច្ចុប្បន្ននិងទៅអនាគត។

លោកបានបន្តទៀតថា ចំពោះបងប្អូនកីឡាករត្រូវខិតខំហ្វឹកហាត់បន្ថែមទៀត ដើម្បីមានសម្បទាល្អ សុខភាពមាំមួន និងខិតខំប្រកបមុខរបរចិញ្ចឹមជីវិត និងចូលរួមគោរពច្បាប់ចរាចរណ៍ ជៀសឆ្ងាយអំពីគ្រឿងញៀន រស់នៅដោយហូបស្អាត ផឹកស្អាត រស់នៅស្អាត សម្អាតបរិស្ថានឲ្យបានល្អ។

ក្នុងនោះ ដើម្បីជាការលើកទឹកចិត្ត ដល់ក្រុមកីឡាករទូក លោក គង់ សូលីដា បាននាំយកថវិកាលោក ថោង ខុន ឧបត្ថម្ភចំនួន៥,៣០០,០០០ រៀល រួមជាមួយថវិការបស់ក្រុមការងារ និងសប្បុរសជននានាជាច្រើន ដោយបានប្រគល់ជូនទូកជ័យលាភី និងទូកចូលរួម ដូចខាងក្រោម៖

* ផែនលេខ១ (០២ទូក) ក្នុងមួយទូកទទួលបានថវិកា៧០ម៉ឺនរៀល
* ផែនលេខ២ (០២ទូក) ក្នុងមួយទូកទទួលបានថវិកា៦០ម៉ឹនរៀល
* ផែនលេខ៣ (០២ទូក) ក្នុងមួយទូកទទួលបានថវិកា៥០ម៉ឺនរៀល
* ទូកនារី (០១ទូក) ទទួលបានថវិកា៣៥ម៉ឺនរៀល
* ទូក១០ទៀត ក្នុង១ទូក ទទួលបានថវិកា៣៥ម៉ឺនរៀល៕