(ភ្នំពេញ)៖ លោក សុង សារ៉ន ប្រធានថ្មី នៃសហព័ន្ធស្រូវអង្ករកម្ពុជា បញ្ជាក់ថា ប្រជាកសិករដែលបង្កបង្កើនផលស្រូវនៅកម្ពុជា គួរជ្រើសរើសពូជស្រូវ៣ប្រភេទ ដើម្បីកុំឲ្យបារម្ភខ្វះទីផ្សារ និងធានាបានទីផ្សារនាំចេញ១០០ភាគរយ នៅពេលបង្កបង្កើនផលបាន។

លោក សុង សារ៉ន បានថ្លែងឲ្យដឹងនៅក្នុងកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្ដាហ៍» របស់ទូរទស្សន៍ Fresh News ថា «តម្រូវការជាចាំចំពោះអង្ករចំនួន៣ប្រទេស ដែលទីផ្សារត្រូវការ និងកំពុងផលិតមិនទាន់ទីផ្សារចង់បាននោះគឺ ទី១៖ អង្ករសែនក្រអូប, ទី២៖ អង្ករផ្ការំដួល, និងទី៣៖ ប្រភេទអង្ករបាយទន់ ដែលអង្ករទាំង៣នេះហើយ ដែលទទួលបានការចាប់អារម្មណ៍ ពីទីផ្សារនៃប្រទេសចិនចង់បានផងដែរ»

លោកបានបញ្ជាក់ទៀតថា ចំពោះអង្ករដែលទីផ្សារនៃប្រទេសចិនចង់បាននោះ ការដាំដុះក៏វាត្រូវការពេលវេលាយូរគួរសមដែរ ដែលត្រូវរង់ចាំរយៈពេល៣ទៅ៤ខែ ទើបយើងអាចប្រមូលផល ហើយខាងសហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានព្យាយាមផ្សព្វផ្សាយ ទៅដល់ប្រជាកសិករ ដោយឲ្យពួកគាត់ផ្លាស់ប្ដូរពូជស្រូវ ដែលពួកគាត់ដាំដុះកន្លងមក ហើយឲ្យពួកគាត់ងាកមកដាំដុះនូវពូជស្រូវទាំង៣ប្រភេទនេះវិញ ព្រោះថាពេលទទួលបានផលនឹងមិនបារម្ភពីទីផ្សារ និងការខាតបង់នោះឡើយ ដោយមានទីផ្សារទទួលទិញ១០០ភាគរយ និងផ្ទុយទៅវិញស្រូវអង្ករទាំង៣ប្រភេទនេះ នៅមិនទាន់បានផ្គត់ផ្គង់គ្រប់គ្រាន់ ទៅនឹងសេចក្ដីត្រូវការរបស់ទីផ្សារប្រទេសចិនផង។

លោក សុង សារ៉ន ប្រធានថ្មីសហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ផងដែរថា បើទោះបីជាអឺរ៉ុបដាក់ពន្ធ លើអង្ករកម្ពុជាដូចសព្វថ្ងៃនេះក៏ដោយ ក៏កម្ពុជានៅមិនទាន់ផលិតផលស្រូវអង្ករឲ្យទាន់នឹងតម្រូវការនៃការនាំចេញទៅអឺរ៉ុប។

លោកបានបន្ថែមថា «នៅប្រទេសអឺរ៉ុប ក៏បញ្ជាទិញអង្ករទាំង៣ប្រភេទនេះដែរ បើទោះបីជាកម្ពុជានៅជាប់ពន្ធការនាំចេញក៏ដោយ ដែលខាងអឺរ៉ុបគេហូប គឺគេធ្វើការបង់ពន្ធខ្លួនគេ ហើយវាអត់ទាំងអង្ករសម្រាប់ផ្គត់ផ្គង់ឲ្យទៅទីផ្សារខាងអឺរ៉ុបគាត់ផង ព្រោះថាទីផ្សារអង្ករ៣ប្រភេទនេះ គឺទី១៖ ទីផ្សារដែលមានគុណភាព និងគុណតម្លៃ, ទី២៖ ត្បិតតែមានការកើនឡើងបន្តិចបន្តួច ក្នុងរយៈពេល៨ខែនេះ ប៉ុន្តែចំពោះតម្លៃដែលបានចូលមកកម្ពុជា គឺមានការកើនឡើងខ្លាំង»

លោក សុង សារ៉ន បានបញ្ជាក់ថា «បន្តទៅទៀតនេះ ខាងសហព័ន្ធស្រូវអង្ករកម្ពុជាយើង នឹងធ្វើការចរចាទៅលើសហគមអឺរ៉ុប សមាគមកសិកររបស់អ៊ីតាលី សហព័ន្ធស្រូវអង្កររបស់អឺរ៉ុប ដើម្បីស្វែងរកចំណុចណាមួយ ដែលអាចផ្ដល់ប្រយោជន៍ទាំងសងខាង។ ខ្ញុំជឿថា សហគមអឺរ៉ុប ក៏ដូចជារោងកិនស្រូវសហគមអឺរ៉ុប កសិករអឺរ៉ុប គឺមិនចង់ឲ្យកសិករយើង និងរោងម៉ាស៊ីនកិនស្រូវរបស់យើងស្លាប់នោះទេ គឺនៅតែមានជំនឿ ទៅលើការចរចាជាមួយគាត់ ដើម្បីឲ្យខាងគាត់ដកពាក្យបណ្ដឹង លើការដាក់ពន្ធនៃការនាំចេញអង្ករកម្ពុជានេះ»។

លោកបានបន្តថា នៅឆ្នាំក្រោយៗទៀត ចំពោះបរិមាណនៃការនាំចេញរបស់កម្ពុជា ត្បិតតែអឺរ៉ុបដាក់ពន្ធមកលើកម្ពុជាក៏ពិតមែន តែក្រោយពីការដាក់ពន្ធលើការនាំចេញនេះ ធ្វើឲ្យកម្ពុជាកាន់តែខ្លាំងមែនទែន នៅពេលដែលកម្ពុជា បានរួចផុតពីការដាក់ពន្ធ ដែលមានរយៈពេល៣ឆ្នាំ ព្រោះដោយសារតែកម្ពុជា បានរៀបចំខ្លួន និងធ្វើឲ្យខ្លួនមានលក្ខណៈប្រកួតប្រជែងកាន់តែខ្លាំង ហើយចំពោះការថយចុះ នូវបរិមាណនាំចេញអង្ករទៅអឺរ៉ុប ក្នុងអំឡុងពេលដាក់ពន្ធលើអង្ករកម្ពុជានេះក៏ពិតមែន តែកម្រិតចំណូលបានកើនឡើងគួរឲ្យកត់សម្គាល់ផងដែរ។

លោកបានបន្ថែមថា «នៅអំឡុងពេលអឺរ៉ុបដាក់ពន្ធលើការនាំចេញអង្ករ របស់កម្ពុជាក្ដី តែខាងសហព័ន្ធស្រូវអង្ករកម្ពុជាក៏បានខិតខំ និងបានធ្វើនូវពិពិធកម្មទីផ្សារ ហើយនឹងបានកំណត់ទីផ្សារធំៗ ដើម្បីទទួលនូវអង្ករកម្ពុជាយើង ក្នុងនោះមានដូចជា ទី១៖ ប្រទេសចិន ដែលបានគាំទ្រខ្លាំងមកលើអង្ករកម្ពុជា ហើយរយៈពេល៨ខែមកនេះ ចិនមានការបញ្ជាទិញកើនឡើងរហូតជាង៤០ភាគរយ ទៅលើបរិមាណនៃការនាំចេញអង្ករកម្ពុជា យើងជាង ៣៤ម៉ឺនតោន នេះជាសញ្ញាមួយវិជ្ជមាន ហើយចិនក៏នឹងអាចធ្វើការបញ្ជាទិញអង្ករពីកម្ពុជា យើងបានលើសពីនេះទៅទៀត តាមការស្នើរបស់រាជរដ្ឋាភិបាន ក៏ដូចជាក្រុមហ៊ុនពាក់ព័ន្ធផងដែរ»

ជាមួយគ្នានេះ លោក សារ៉ន ក៏បានធ្វើការផ្ដាំផ្ញើ ដល់ប្រជាកសិករផងដែរថា ទី១៖ កសិករគួរតែជ្រើសរើសដាំដុះស្រូវអង្ករ និងធ្វើការពិភាក្សាជាមួយរោងម៉ាស៊ីនកិនស្រូវ ដែលមានមូលដ្ឋានជាប់នឹងទីតាំងរបស់ប្រជាកសិករ ដើម្បីទទួលបាននូវព័ត៌មាន នៃតម្រូវការទីផ្សារជាចាំបាច់ ដែលសហព័ន្ធមាន។ ទី២៖ សូមឲ្យបងប្អូនចូលរួមវេទិកាពិភាក្សាជាមួយអង្គការជាដៃគូផ្សេងៗ ដែលអាចឲ្យពួកគាត់កែប្រែទំលាប់ដាំដុះបុរាណ មកការដាំដុះជាទំនើបកម្ម។ ទី៣៖ សូមឲ្យបងប្អូនទាំងអស់ ងាកទៅរកទំនើបកម្មនៃការដាំដុះ ដោយសារតែកសិករសព្វថ្ងៃ គឺគាត់ងាកទៅរកវិស័យឧស្សាហកម្មច្រើន និងទី៤ សូមកសិករចូលរៀនបច្ចេកវិទ្យាថ្មីៗ ជាមួយសហព័ន្ធផងដែរ៕