(កំពង់ធំ)៖ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩នេះ ចាស់ព្រឹទ្ធាចារ្យ និងប្រជាពលរដ្ឋ ពិសេសយុវជន បានរៀបចំពិធីប្រណាំងទូក នៅវត្តកងមាស ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

ពិធីប្រណាំងទូក ដែលខកខានរៀបចំជាងមួយទសវត្សមកហើយនោះ ត្រូវបានរៀបចំជាថ្មីលើកទី១នាពេលនេះ ក្រោមការចូលរួមជួយឧបត្ថម្ភគាំទ្រ និងអធិបតីភាពរបស់ លោក នី ផល្លី ប្រធានក្រុមការងារបក្សប្រជាជនចុះជួយឃុំត្នោតជុំ និងលោកស្រី ហេង ពិសី និងជាតំណាងលោក ថោង ខុន ប្រធានក្រុមការងារបក្សចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោក ព្រមទាំងសហការី និងសប្បុរសជនជាច្រើនទៀត។

លោក នី ផល្លី បានគូសបញ្ចាក់ប្រាប់ដល់ក្រុមកីឡាករក៏ដូចប្រជាពលរដ្ឋដែលបានចូលរួមថា ប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកបដោយកត្តិបណ្ឌិតរបស់ សម្តេច ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ទទួលបាននូវសុខសន្តិភាព ការរីកចំរើននៃសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋរីកចម្រើនគ្រប់ទិស ទី។ លោក ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ពិសេសយុវជនត្រូវរួមគ្នាថែរក្សាសន្តិភាព ដែលជាឬសគល់នៃវឌ្ឍនភាពជាតិ និងលទ្ធិប្រជាធិបតេយ្យ ហើយការចូលរួមរបស់ប្រជាពលរដ្ឋ ពិសេសយុវជននោះ ត្រូវបានចាត់ទុកជាសកម្មភាពស្នេហាជាតិពិតប្រាកដ។

លោកបន្តទៀតថា យ៉ាងណាមិញ សកម្មភាពក្នុងថ្ងៃនេះ ជាការបង្ហាញពីសាមគ្គីភាព និងការចូលរួមលើកស្ទួយនូវវប្បធម៌ ប្រពៃណី និងអត្តសញ្ញាណរបស់ជាតិជារួម និងរបស់ភូមិដោយឡែក។

សូមបញ្ចាក់ថា ការប្រណាំងទូកដើម្បីអបអរសាទរពិធីបុណ្យភ្ជុំបិណ្យឆ្នាំនេះ មានការចូលរួមពីទូកចំនួន ១៦គូ ដែលមានចំណុះពី៦នាក់ដល់១០នាក់ និងមានប្រជាពលរដ្ឋចូលរួមសរុបប្រមាណជាង១ពាន់នាក់៕