(ភ្នំពេញ)៖ ក្នុងឱកាសនៃការដឹកនាំរដ្ឋមន្រ្តីអន្តរក្រសួង និងគណៈប្រតិភូកម្ពុជាបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងទៅកាន់ជនរួមជាតិខ្មែររស់នៅទីនោះថា ក្រុមមេដឹកនាំអតីតគណបក្សប្រឆាំង តែងតែប៉ុនប៉ងរៀបចំផែនការ ផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់។

សម្ដេចក្រឡាហោម ស ខេង បានទទួលជួបសំណេះសំណាលជាមួយបងប្អួនជនរួមជាតិខ្មែរ ដែលកំពុងរស់នៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ នាសណ្ឋាគារក្នុងក្រុង SCHWABISCH GMUND នៃរដ្ឋសហព័ន្ធ BADEN-WURTTEMBERG។

ជាកិច្ចចាប់ផ្ដើមជនរួមជាតិខ្មែរទាំងអស់មបានសម្ដែងទទួលស្វាគមន៍សម្ដេចក្រឡាហោម និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ប្រកបដោយសេក្ដីគោរពស្រលាញ់ និងមនោសញ្ចេទនាយ៉ាងកក់ក្ដៅ និងបានប្រកាសគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន ជាពិសេសគឺគោលនយោបាយប្រឆាំងនឹងក្រុមដែលចង់បង្កើតសង្គ្រាមប្រជាជាតិសារជាថ្មីនៅកម្ពុជា។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងទៅកាន់ជនរួមជាតិខ្មែររស់នៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ អំពីស្ថានការណ៍នយោបាយនៅកម្ពុជា ដោយសម្ដេចបានលើកឡើងអំពីការប៉ុនប៉ងមិនចេះចប់មិនចេះហើយរបស់ក្រុមមដឹកនាំអតីតគណបក្សប្រឆាំងនៅក្នុងផែនការផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់។

ថ្លែងក្នុងពិធីសំណេះសំណាលនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំពីគោលបំណង និងសកម្មភាពនានានៃដំណើរទស្សនកិច្ចនេះ ដែលបានផ្ដោតលើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយសហព័ន្ធអាល្លឺម៉ង់ និងស្វែងយល់ពីដំណើរការកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិរបស់អាល្លឺម៉ង់ ព្រមទាំងពិភាក្សាលើប្រធានបទពាក់ព័ន្ធមួយចំនួនទៀត។

សម្ដេចក្រឡាហោម ស ខេង បន្តថាបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា ក៏មានការរៀបចំក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដោយបានធ្វើវេទិកាសាធារណៈនៅគ្រប់មូលដ្ឋានប្រជាពលរដ្ឋ ដើម្បីប្រមូលយកមតិយោបល់ កង្វល់ និងសំណូមពរនានាពីប្រជាពលរដ្ឋ ហើយតាមរយៈយន្តការនេះ អាជ្ញាធរថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិបានដោះស្រាយបញ្ហាប្រជាពលរដ្ឋយ៉ាងច្រើន និងប្រកបដោយប្រសិទ្ធភាព។

សម្ដេចក្រឡាហោម ស ខេង បានបន្ថែមថា ពាក់ព័ន្ធនឹងបញ្ហាការព្រមានដកប្រព័ន្ធអនុគ្រោះពន្ធពីសហភាពអឺរ៉ុប និងពីសហរដ្ឋអាមេរិក កម្ពុជានៅតែព្យាយាមបើកកិច្ចចរចា ដើម្បីរក្សាការអនុគ្រោះពន្ធនេះ និងមានជំហរបន្តទំនាក់ទំនងការទូតល្អជាមួយអឺរ៉ុប និងអាមេរិកដដែល។

ពិធីសំណេះសំណាលរវាងសម្ដេចក្រឡាហោម ស ខេង, រដ្ឋមន្ត្រីអន្តរក្រសួង ព្រមទាំងគណៈប្រតិភូកម្ពុជា ជាមួយជនរួមជាតិខ្មែររស់នៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានប្រព្រឹត្តទៅប្រកបដោយបរិយាកាសមនោសញ្ចេទនាយ៉ាងស្និតស្នាល និងរីករាយក្រែលែងបំផុត៕