(កោះកុង)៖ នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវជឿជាក់លើការដឹកនាំរបស់ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុនសែន ជាប្រមុខដឹកនាំ និងចូលរួមការពារសន្តិភាព ដែលកំពុងមានឲ្យបានជាដាច់ខាត។
នាយឧត្តមសេនីយ៍ យន្ត មីន បានអំពាវនាវយ៉ាងដូច្នេះ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩នេះ ក្នុងឱកាសលោកបាននាំក្រុមការងារ និងមានការចូលរួមពីប្រធានក្រុមប្រឹក្សាស្រុកស្រែអំបិល និងអភិបាលស្រុកស្រែអំបិល ខេត្តកោះកុង ចុះទៅដាក់បិណ្ឌនៅវត្តមុន្នីជុលធារាម ហៅវត្តជ្រោយស្វាយ។
មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ បានថ្លែងថា មានតែសម្តេចតេជោ ហ៊ុន សែន តែម្នាក់គត់ ដែលអាចដឹកប្រទេសកម្ពុជា ឲ្យរក្សាបាននូវសន្តិសុខពេញលេញ ធ្វើឲ្យសេដ្ឋកិច្ចជាតិរឹងមាំ បង្កឲ្យប្រជាពលរដ្ឋកាន់តែមានជីវភាពធូរធារ។
លោកបន្តថា សន្តិភាព ដែលមានសព្វថ្ងៃ បានមកយ៉ាងលំបាក ហេតុដូច្នេះហើយ សូមប្រជាពលរដ្ឋ រួមគ្នាការពារសន្តិភាពនេះឲ្យបាន មិនត្រូវជឿលើការអុចអាល ពីជនអគតិមួយចំនួនឡើយ។
នាយឧត្តមសេនីយ៍ យន្ត មីន បានផ្តាំផ្ញើយ៉ាងដូច្នេះថា «សូមប្រជាពលរដ្ខ ត្រូវធ្វើយ៉ាងណាខិតខំអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្តិភាព និងមានការជឿជាក់លើការដឹកនាំ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងត្រូវការពារសុខសន្តិភាព ដែលកំពុងមានឲ្យបានជាដាច់ខាត»៕