(ពោធិ៍សាត់)៖ លោក កៅ អ៊ីមរ៉ន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងលោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តអន្តរទ្វីប (PAC) មកពីបណ្តាប្រទេសអារ៉ាប់ មានដូចជា អារ៉ាប៊ីសាអ៊ូឌីត ហ្សក់ដានី ទុយណេស៊ី ពិនិត្យព្យាបាលជូនប្រជាពលរដ្ឋនៅខេត្តពោធិ៍សាត់ និងបណ្តាខេត្តផ្សេងៗ ទូទាំងប្រទេសដោយឥតគិតថ្លៃ។
កម្មវិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩ បន្តរហូតដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ នៅមន្ទីរពេទ្យខេត្តពោធិ៍សាត់ ដោយមានការសហការពី មន្រ្តីមន្ទីរសុខាភិបាលខេត្ត និងក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យខេត្ត និងគ្រូពេទ្យស្ម័គ្រចិត្តរបស់អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា និងចូលរួមសម្របសម្រួលការងារ ពីក្រុមយុវជនសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា (CMYA) សាខាខេត្តពោធិ៍សាត់ផងដែរ។
បើតាមការឲ្យដឹងពីលោក កៅ អ៊ីមរ៉ន បានបញ្ជក់ថាកម្មវិធីព្យាបាលនេះ គឺផ្ដោតសំខាន់ទៅលើផ្នែកវះកាត់ទូទៅ មានដូចជា ដុំគីស សាច់ដុះ សាច់ផ្លែ ឬប្រជ្រុយដុះ និងជម្ងឺដុំពកផ្សេងៗ ជំងឺក្លន វះកាត់កែសម្ផស្ស រោគស្រ្តីគ្រប់ប្រភេទ ជំងឺកុមារ ទារកដែលមានបញ្ហា ឬពិការអាវៈយវៈ ជំងឺវេជ្ជសាស្រ្តទូទៅដូចជា ទឹកនោមផ្អែម លើសឈាម និងជំងឺឆ្លងនានាជាដើម។
តាមរបាយការណ៍ពីក្រុមការងារស្ម័គ្រចិត្តចុះឈ្មោះ បានប្រាប់ភ្នាក់ងារអង្គភាពព័ត៌មាន Fresh News គិតត្រឹមម៉ោង១២៖០០នាទីថ្ងៃត្រង់ ដែលជាថ្ងៃដំបូងនេះ មានបងប្អូនប្រជាពលរដ្ឋខេត្តពោធិ៍សាត់ផ្ទាល់ និងខេត្តមួយចំនួនទៀត ជុំវិញខេត្តពោធិ៍សាត់ បានមកចុះឈ្មោះទទួលសេវាព្យាបាលមានចំនួន ជិត៣០០នាក់ ហើយក្រុមគ្រូពេទ្យកំពុងធ្វើការព្យាបាលជាបន្តបន្ទាប់ផងដែរ៕