(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មេរ លោក រត្ន័ សណ្ដាប់ បានថ្លែងថា បានជាក្នុងរដូវបុណ្យភ្ជុំបិណ្ឌ មានកិច្ចពិធីព្រះយមរាជដោះលែងប្រេត ឬបន្ធូរបន្ថយប្រេត ពីព្រោះក្នុងទស្សនគិតគួរដើម្បីឲ្យផែនដី មានភាពប្រក្រតីប្រសើរទ្បើង។ ដោយហេតុថា បើអ្នកស្លាប់អត់កម្មពៀរ ហើយបានទ្បើងឋានសួគ៌គឺថ្វីទេ ពីព្រោះស្ថានភាពនេះបានប្រសើរ ឬយ៉ាងហោចណាស់ក៏មានភាពប្រក្រតីដែរ។
បើដូចនេះចំពោះព្រះយមរាជដោះលែងប្រេត ឬបន្ធូរបន្ថយប្រេត គឺក្នុងទស្សនគិតគួរដោយក្រែងលោប្រេត ពុំទាន់មានភាពប្រក្រតីឲ្យមានភាពប្រក្រតីទៅតាមគន្លងធម៌។
មានន័យថា «ចំពោះព្រះយមរាជដោះលែងប្រេត ឬបន្ធូរបន្ថយប្រេតនេះ គឺជាការគិតគួរ ឬរិះរកធ្វើឲ្យមានភាពប្រក្រតីដើម្បីឲ្យអ្វីៗទៅតាមគន្លងធម៌» ហ្នឹងឯង។
លោក រត្ន័ សណ្ដាប់ បន្ដថា បើតាមជំនឿព្រះពុទ្ធសាសនា ចំពោះការស្លាប់ពុំមែនជាទីបញ្ចប់របស់មនុស្សទ្បើយ ប្រសិនបើគេយល់ថា ការស្លាប់ជាទីបញ្ចប់នោះ គឺគេពុំបាច់ធ្វើបុណ្យសពអ្វីទ្បើយ។ បានន័យថា ការស្លាប់តែងកើតទ្បើងជាស្វ័យប្រវត្ដិ រីឯអ្នកនៅរស់ត្រូវខិតខំធ្វើបុណ្យសព ដើម្បីតម្រង់ទិសការកើត ឲ្យទៅតាមគន្លងសុគតិភព។
ដោយក្នុងនោះ គេជឿថា មនុស្សក្រោយពេលស្លាប់ទៅព្រលឹងរបស់ពួកគេនឹងត្រូវនំាទៅកាន់ឋាននរកចំនួន១៥ថ្ងៃ ដោយយម្ភូបាល៤នាក់ ដែលជាទេវទូតរបស់ ព្រះយមរាជ គឺជាស្ដេចនៃឋាននរក ដើម្បីវិនិច្ឆ័យនូវអំពើល្អនិងអំពើអាក្រក់របស់មនុស្សដែលស្លាប់នោះ។
បើដូច្នេះដោយស្ថិតរវាងអំពើល្អនិងអាក្រក់នេះហើយ ទើបព្រះយមរាជដោះលែងប្រេត ឬបន្ធូរបន្ថយប្រេត គឺជាការគិតគួរ ឬរិះរកធ្វើឲ្យមានភាពប្រក្រតីដើម្បីឲ្យអ្វីៗ ទៅតាមគន្លងធម៌ នារដូវបុណ្យភ្ជុំបិណ្ឌនេះ៕