(ស្វាយរៀង)៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌវេនទី១៤ លោក ហែម សារិទ្ធ អភិបាលស្រុកស្វាយជ្រុំ បានថ្លែងទៅកាន់ប្រជាពលរដ្ឋជាង៥០០នាក់ បានបញ្ជាក់ថា ទណ្ឌិត សម រង្ស៊ី កំពុងស្ថិតនៅក្នុងសំណាញ់ច្បាប់របស់តុលាការកំពូលនៃកម្ពុជា ដូច្នេះសូមប្រជាពលរដ្ឋកុំចាញ់បោក តាមការឃោសនា និងឧបាយកលទុច្ចរិត របស់ក្រុមឧទ្ទាមក្រៅច្បាប់នេះជាដាច់ខាត។
ការថ្លែងបែបនេះ នៅពេលដែលលោកអភិបាលស្រុកស្វាយជ្រុំ នាំទេយ្យទាន និងថវិកាចូលបុណ្យប្រគេនព្រះសង្ឃ នៅវត្តអង្គស វត្តព្រៃបន្ទាយ និងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ចំនួន៥០០នាក់ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩ និងបានចែកជូននូវលិខិតថ្លែងអំណរគុណ ដល់សប្បុរសជនជួយកសាងសមិទ្ធិផលនានា ក្នុងទីអារាមនេះ ផងដែរ។
លោក ហែម សារិទ្ធ ក៏បានថ្លែងនូវការអរគុណបងប្អូនប្រជាពលរដ្ឋជាពុទ្ធបរិស័ទគ្រប់ទិសទី ដែលតែងតែប្រកាន់ភ្ជាប់នូវទំនៀមទំលាប់ប្រពៃដ៏ល្អ របស់ខ្មែរយើង ជាពិសេសរដូវបុណ្យទានដូចជា បុណ្យភ្ជុំបិណ្ឌរបស់យើងនាពេលនេះ។
លោកអភិបាលស្រុក បានបន្តថា ជាការពិតឥតប្រកែកបាន សន្តិភាពពិតជាសំខាន់ណាស់សម្រាប់ប្រជាជនកម្ពុជា ភាពសុខសាន្តដោយសារ ប្រទេសជាតិយើងសព្វថ្ងៃ មានការីកចម្រើន មានសុខសន្តិភាពពេញបរិបូណ៍ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
លោកអភិបាលស្រុកបានធ្វើការផ្តាំផ្ញើរដល់អាជ្ញាធរពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋនូវចំណុចសំខាន់មួយចំនួនដូចខាងក្រោម៖
ទី១៖ ចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ពិសេសការយកចិត្តទុកដាក់លើបញ្ហាគ្រោះថ្នាក់ចរាចរណ៍ បញ្ហាគ្រឿងញៀន។
ទី២៖ ផ្សព្វផ្សាយអំពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលក្នុងការថែរក្សាសុខសន្តិភាព និងការរីកចម្រើនអភិវឌ្ឍន៍គ្រប់វិស័យ។
និងទី៣៖ ផ្សព្វផ្សាយញត្តិថ្កោលទោស ជនក្បត់ជាតិ សម រង្ស៊ី ដែលប្រមាថព្រះចេស្តាអង្គព្រះមហាក្សត្រ ប្រឆាំងរដ្ឋធម្មនុញ្ញ៕