(ព្រៃវែង)៖ លោក ស្តើង សុខុម ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានស្រុកកំចាយមារ ខេត្តព្រៃវែង បានអំពាវនាវទៅកាន់ប្រជាពលរដ្ឋ នៅក្នុងស្រុកទាំងអស់ ប្រឆាំងដាច់ខាតនូវទង្វើក្បត់ជាតិ និងប្រមាថដល់អង្គព្រះមហាក្សត្រ ដែលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់របស់ប្រជាពលរដ្ឋខ្មែរ របស់ទណ្ឌិត សម រង្ស៊ី។

ការអំពាវនាវបែបនេះ របស់លោក ស្តើង សុខុម បានធ្វើឡើងនៅក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសបំពេញបន្ថែក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកំចាយមារ និងវេទិកាសាធារណៈជាមួយយុវជនចំណាកស្រុក នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩ម្សិលមិញ។ លោក ស្តើង សុខុម បានថ្លែងយ៉ាងដូច្នេះថា៖ «រួមគ្នាកសាងប្រទេសជាតិ និងថែរក្សានូវសន្តិភាព ដែលជាសមិទ្ធផលដ៏ធំធេង របស់ជាតិ ឱ្យបានស្ថិតស្ថេរជាពិសេសត្រូវការពារ ឱ្យបានគង់វង់នូវរបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ និងប្រឆាំងដាច់ខាតចំពោះ ទង្វើលណាដែលប្រឆាំងរដ្ឋធម្មនុញ្ញ ជាពិសេសការប្រមាថចំពោះព្រះមហាក្សត្រ»

បន្ថែមពីនេះ លោក ស្តើង សុខុម បានថ្លែងរំលឹកថា របបរាជានិយមត្រូវបានលុបបំបាត់ទាំងស្រុងនៅក្រោយថ្ងៃរដ្ឋប្រហារ១៨ មីនា ឆ្នាំ១៩៧០ ក្រោមការ ដណ្តើមអំណាចរបស់ក្រុមសេនាប្រមុខ លន់ នល់ និងបរិវា។ របបរាជានិយមបានមានវត្តមានជាថ្មីលើទឹកដីកម្ពុជា នៅក្រោយកិច្ចចរចា សន្តិភាពទី ក្រុងប៉ារីស២៣ តុលា១៩៩១ ហើយបន្តមកដល់ពេលបច្ចុប្បន្ន។ សមិទ្ធផលដែលកំពុងគ្របដណ្តប់លើដែនដីកម្ពុជា នាពេលបច្ចុប្បន្ន គឺបានបញ្ជាក់ថា អតីតកាលប្រកបដោយការភ័យខ្លាច សោកនាដកម្ម ការបែកបាក់ជាតិ និងការបាត់បង់គ្រប់បែបយ៉ាង ដែលប្រជាពលរដ្ឋខ្មែរធ្លាប់ជួបប្រទះត្រូវបានបិទបញ្ចប់ហើយ។

ប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកចំចាយមាររូបនេះ បានបន្តយ៉ាងដូច្នេះថា៖ «បច្ចុប្បន្ននេះប្រជាជនយើងកំពុងរស់នៅលើមាតុភូមិរបស់ខ្លួន ដែលមានសន្តិភាពពេញលេញ មានភាពសុខដុមរមនា មានក្តីសង្ឃឹម និងមានឱកាសសម្រាប់មនុស្សគ្រប់រូបជាពិសេសសម្រាប់ក្មួយៗ យុវជនជំនាន់ក្រោយ។ គណបក្សប្រជាជនកម្ពុជា ដែលបានទទួលការគាំទ្រ ពីប្រជាជននៅទូទាំងប្រទេសមានកាតព្វកិច្ចបន្តថែរក្សាការពារ យ៉ាងដាច់ខាតនូវរាល់សមិទ្ធផលនៃសង្គមជាតិ ឱ្យស្ថិតស្ថេរនិងរីកចម្រើនបន្តទៀត ដោយមិនឱ្យកម្លាំងនយោបាយ ឬមជ្ឈដ្ឋានអមិត្តណាមួយមកបំផ្លិចបំផ្លាញទៅវិញបានឡើយ»

លោកក៏បានក្រើនរំលឹកដល់ពលរដ្ឋក្នុងស្រុកកំចាយមារ ឱ្យចងចាំថាការបែកបាក់ជាតិ និងសង្រ្គាមផ្ទៃក្នុងដ៏រ៉ាំរ៉ៃ ដែលមានមូលហេតុចម្បង បណ្តាលមកពីកំហុសដ៏ធ្ងន់ធ្ងរបំផុត ក្នុងការដឹកនាំនយោបាយពីអតីតកាលដែ លគិតតែមហិច្ឆតាផ្ទាល់ខ្លួនមិនគិតផលប្រយោជន៍ជាតិ និងប្រជាជនយើងមិនត្រូវភ្លេចខ្លួនដើរជាន់ដានប្រវត្តិសាស្រ្តជាថ្មីនោះឡើយ។ ជាមួយគ្នានោះប្រធានក្រុមការងារថ្នាក់ជាតិ ក៏បានគូសបង្ហាញ អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការកសាងនូវហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នាពេលកន្លងមកដែលមាន ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យខិតខំទាក់ទាញវិនិយោគពីក្រៅប្រទេស មកបង្កើតរោងចក្រ បង្កើតការងារជូនប្រជាពលរដ្ឋ។

ជាក់ស្តែងស្រុកកំចាយមារ ក្រោមការខិតខំរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយកររដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន ក្រុមថ្នាក់ជាតិចុះជួយខេត្តព្រៃវែង បានផ្លូវកៅស៊ូ ខ្វាត់ខ្វែង មានសាលារៀននៅតាមភូមិ ឃុំ មានសាកលវិទ្យាល័យ មានមន្ទីរពេទ្យ មានរោងចក្រដែល ទាំងអស់នេះបានផ្តល់នូវប្រយោជន៍យ៉ាងច្រើនសម្រាប់ពលរដ្ឋ នេះវាជាឱកាសសម្រាប់បងប្អូនចាប់យកឱ្យបានមានសាលារៀន ហើយបងប្អូនត្រូវ បញ្ជូនកូនទៅរៀន មានរោងចក្រហើយបងប្អូនត្រូវបង្កើនសមត្តភាពដើម្បីធ្វើការងារ ត្រូវបង្កើតអាជីវកម្មដោយខ្លួនឯងដើម្បីទាញយកប្រយោជន៍ទាំង អស់នោះឱ្យបាន។ ដើម្បីទាញបានប្រយោជន៍ពីសមិទ្ធផល ដែលរាជរដ្ឋាភិបាលបានខិតខំកសាងបងប្អូនត្រូវតែខិតខំរៀនសូត្រ ត្រូវរៀនឱ្យមានគុណភាព និងត្រូវខិតខំធ្វើការឱ្យបានសកម្ម។

លោក ស្តើង សុខុម បានបន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកការអភិវឌ្ឍធនធានមនុស្ស គឺជាវិស័យអាទិភាពទី១ នៅក្នុងចំណោមវិស័យ អាទិភាពទាំង៤។ ព្រោះថាសង្គមមួយមានការរីកចំរើនទៅបានគឺត្រូវតែមានធនធានមនុស្សប្រកបដោយសមត្តភាព វាដូចគ្នាដែរគ្រួសារមួយអាចមាន ជីវភាពប្រសើរឡើងគឺដោយសារតែគ្រួសារនោះមានកូនចៅប្រកបដោយចំណេះដឹងចំណេះធ្វើ។ បុគ្គលម្នាក់អាចទទួលបានប្រាក់ខែខ្ពស់វាក៏អាស្រ័យ លើសមត្តភាពនិងជំនាញដែលខ្លួនមាន។ ហេតុដូច្នេះហើយបានជារដ្ឋាភិបាលបានខិតខំវិនិយោគយ៉ាងច្រើនទៅលើវិស័យអប់រំ ដោយបានបង្កើន ថវិកាទៅលើវិស័យអប់រំ ជារៀងរាល់ឆ្នាំ។

នៅក្នុងពិធីសំណេះសំណាលជាមួយយុវជនចំណាកស្រុក ប្រធានក្រុមថ្នាក់ជាតិ ចុះជួយស្រុកកំចាយមារ ក៏បានលើកឡើងអំពីសេរីភាពក្នុងការ ជ្រើសរើសការងារ ដែលយុវជន យុវនារី ទាំងអស់មានសិទ្ធិសេរីភាពក្នុងការជ្រើសរើសការងាររបស់ខ្លួនទៅតាមសមត្ថភាព និងជំនាញរបស់ខ្លួន ទីកន្លែងដែលខ្លួនពេញចិត្តដូចជា ទៅធ្វើការនៅទីក្រុង ឬទៅធ្វើការនៅក្រៅប្រទេស គឺជាសិទ្ធិរបស់ខ្លួនម្នាក់ៗ។

ប្រធានក្រុមការងារ ក៏បានស្នើឱ្យបងប្អូន ប្រជាពលរដ្ឋក្នុងស្រុកកំចាយមារ និងយុវជនចំណាកស្រុកទាំងអស់កុំជឿទៅលើការឃោសនាបោក ប្រាក់របស់បុគ្គលណាឱ្យសោះ កុំចូលរួមធ្វើបាតុកម្ម ឬទង្វើលណាដែលធ្វើឱ្យប្រទេសជាតិធ្លាក់ចូលទៅក្នុងអន្ទាក់នៃសង្រ្គាមនិងចលាចលកើតឡើង វិញឱ្យសោះ ត្រូវខិតខំថែរក្សានូវសុខសន្តិភាពពិសេសថែរក្សាឱ្យបាននូវឆ្នាំងបាយរបស់ខ្លួន។

ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកំចាយមារ លោក ស្តើង សុខុម ក៏បានជំរុញឱ្យក្រុមការងារដែលទើបត្រូវតែងតាំងថ្មីខិតខំលើកកម្ពស់ ប្រសិទ្ធភាព ក្នុងការបំពេញការងារស្របតាមតួនាទីភារកិច្ច និងការទទួលខុសត្រូវដែលបានកំណត់ហើយក្នុងករណីមានបញ្ហាប្រឈម ដែលមិនអាចដោះស្រាយបានក្រុមការងារថ្នាក់ជាតិ ត្រូវជំរុញឱ្យក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ធ្វើការដោះស្រាយធ្វើការតាមដានត្រួតពិនិត្យ អំពីលទ្ធផល ដើម្បីរាយការណ៍ជូនរាជរដ្ឋាភិបាល។ លោកបានបន្តថាភារកិច្ចសំខាន់ៗ របស់មន្ត្រីថ្នាក់ជាតិ ចុះទៅពង្រឹងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវសហកាជំរុញ និងលើកកម្ពស់គណនេយ្យភាព របស់ក្រសួងស្ថាប័ន និងអាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍនៅតាមមូលដ្ឋានឱ្យមានប្រសិទ្ធភាព។

ការរៀបចំវេទិកាសាធារណៈនៅមូលដ្ឋានផ្ដោតលើការយកចិត្តទុកដាក់អំពីស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការចុះជួបប្រាស្រ័យ ដោយផ្ទាល់ជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះតាមគ្រួសារ ដើម្បីស្ដាប់ក្ដីកង្វល់សំណូមពរ និងសំណើរបស់ប្រជាពលរដ្ឋព្រមទាំងយកចិត្ត ទុកដាក់ជំរុញការដោះស្រាយ នូវរាល់កង្វល់សំណូមពរ និងសំណើទាំងនោះដោយផ្អែកលើច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ហើយក្នុងករណី មិនអាចដោះស្រាយបានក្រុមការងារថ្នាក់ជាតិត្រូវបូកសរុប និងធ្វើរបាយការណ៍ជូនរាជរដ្ឋាភិបាល។ ដើម្បីជំរុញឱ្យការអនុវត្តយុទ្ធសាស្ដ្រចតុកោណ ដែលជាគោលនយោបាយថ្នាក់ជាតិ និងការផ្ដល់សេវាបម្រើប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព។

នៅក្នុងឱកាសនោះដែរ លោក ស្តើង សុខុម និងក្រុមគ្រួសារព្រមទាំងសហការីទាំងអស់ក៏បានអញ្ជើញកាន់បិណ្ឌទី១៤ នៅវត្តក្របៅចាស់ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ដោយបាននាំយកទេយ្យទាន ទេយ្យវត្ថុ មួយចំនួនទៅប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសទៅដល់វិញ្ញាណក្ខន្ធជីដូន ជីតា បុព្វការីជនដែលបានចែកឋានទៅតាមប្រពៃណី សាសនាខ្មែរ ព្រមទាំងបានប្រគេនបច្ច័យដល់ព្រះសង្ឃ តាជី យាយជី និងថវិកា សម្រាប់ការកសាង វត្តអារាម និងបានឧបត្ថម្ភថវិកាមួយចំនួនដល់ប្រជាពលរដ្ឋ យុវជនចំណាកស្រុកក្នុងឱកាសបុណ្យភ្ជំបិណ្ឌផងដែរ៕