(ត្បូងឃ្មុំ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និង លោកស្រី ព្រមទាំង បុត្រា បុត្រី ចៅប្រុស ចៅស្រី និងក្រុមគ្រួសារ បានប្រារព្ធពិធីបុណ្យភ្ជុំធំ នៅវត្តគិរីសុវណ្ណរាម ហៅវត្តថ្កូវ ស្ថិតនៅភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលជាស្រុកកំណើតផ្ទាល់របស់សម្តេច នៅព្រឹកថ្ងៃសៅរ៍ ១៥រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩។
ពិធីនេះបានប្រារព្ធធ្វើឡើង តាមទំនៀមទម្លាប់ប្រពៃណី ព្រះពុទ្ធសាសនា ដោយមានពិធីរាប់បាត្រ ប្រគេន ចង្ហាន់ ទេយ្យទាន ដល់ព្រះសង្ឃ ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនវិញ្ញាណក្ខន្ធជីដូនជីតា និងបុព្វការីជន ដែលបានចែកឋាន ទៅតាមប្រពៃណីសាសនា និងបានបួងសួង សូមអោយអស់លោក ទាំងនោះ បានទៅកាន់បរមសុខកុំបីឃ្លៀងឃ្លាតឡើយ។
នៅក្នុងឱកាសនោះ សម្តេច និងភរិយា បានប្រគេន បច័្ចយសម្រាក់កសាងសមិទ្ធផលនានាក្នុងវត្ត និងបានជូនថវិកា ក្រណាត់ស ដល់ចាស់ព្រឹទ្ធចារ្យ លោកយាយ លោកតា ព្រមទាំងពុទ្ធបរិស័ទជាច្រើនទៀត។ សម្តេចប្រធានរដ្ឋសភា បានបួងសួងសូមឲ្យជាតិខ្មែរទាំងមូលបានជួបតែសេចក្តីសុខក្សេមក្សាន្តជានិច្ចនិរន្តរ៍ ។
សូមបញ្ជាក់ថា វត្តគិរីសុវណ្ណរាម ហៅវត្តថ្កូវ ស្ថិតក្នុងភូមិអំពិល ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ជាវត្ត ដែលមានវ័យចំណាស់មួយ ក្នុងស្រុកកំណើតរបស់សម្តេចអគ្គមហាចញាចក្រី ហេង សំរិន ផ្ទាល់តែម្តង។ ដោយមានការយកចិត្តទុកដាក់ពីសម្តេច និងលោកជំទាវ ទីវត្តអារាមទាំងមូលមានការរីកចម្រើនយ៉ាងខ្លាំង មានសមិទ្ធផលគ្រប់គ្រាន់ ក្នុងការទ្រទ្រង់វិស័យព្រះពុទ្ធសាសនា ជាស្រែបុណ្យ សម្រាប់ប្រជាពុទ្ធបរិស័ទ គោរពប្រតិបត្តិ ធ្វើបុណ្យទានតាមគន្លងព្រះពុទ្ធសាសនា៕