(តាកែវ)៖ ប្រជាពលរដ្ឋរស់នៅស្រុកបាទី ខេត្តតាកែវ បានប្រកាសប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះទណ្ឌិត សម រង្ស៉ី ដែលហ៊ានប្រមាថព្រះមហាក្សត្រ ហើយចង់ផ្ដួលរំលំរាជរដ្ឋាភិបាល។ ពលរដ្ឋអំពាវនាវដល់សមត្ថកិច្ច ពិសេសស្ថាប័នតុលាការ ត្រូវតែចាប់លោក សម រង្ស៉ី ដាក់ពន្ធនាគារ នៅពេលវិលចូលស្រុកខ្មែរ។
លោក យ៉ីន ម៉ូវ ដែលហៅទណ្ឌិត សម រង្ស៉ី ថាជាចោរក្បត់ជាតិពេញៗមាត់ បានចាត់ទុកថា ទណ្ឌិត សម រង្ស៉ី ជាអ្នកបង្កអសន្ដិភាព និងអស្ថិរភាពនៅក្នុងសង្គម ដូច្នេះក្នុងនាមរូបគាត់ជាប្រជាពលរដ្ឋម្នាក់ ក៏ដូចជាកម្មករ កម្មការិនីជាច្រើនរូបទៀត នៅស្រុកបាទី ខេត្តតាកែវ ប្រឆាំងដាច់ខាតមិនឲ្យ សម រង្ស៉ី វិលចូលស្រុកវិញនោះទេ។
ពលរដ្ឋរូបនេះ បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំបាទសូមប្រឆាំងដាច់អហង្ការ ចំពោះអាចោរក្បត់ជាតិ សម រង្ស៉ី ដែលប្រមាថព្រះមហាក្សត្រ ហើយចង់ផ្ដួលរំលំ រាជរដ្ឋាភិបាល ចឹងរាជរដ្ឋាភិបាលនៅពេលឃើញអាចោរក្បត់ជាតិ សម រង្ស៉ី ចូលប្រទេសថ្ងៃណា គឺត្រូវចាប់ដាក់គុក ព្រោះសម រង្ស៉ី ចូលមកស្រុក គឺបង្កអសន្ដិសុខ អស្ថិរភាពនៅក្នុងសង្គម ព្រោះឥលូវសន្ដិភាព និងស្ថិរភាពនៅក្នុងស្រុក កំពុងតែមានហើយ កាលណាអាចោរក្បត់ជាតិចូលមក នឹងបង្កភាពវឹកវរដល់ប្រជាពលរដ្ឋ។
ជាទូទៅកម្មករ កម្មការិនី គេមិនខ្វល់ខ្វាយអំពីការចូលស្រុករបស់អាចោរក្បត់ សម រង្ស៉ី ហើយគេក៏មិនគាំទ្រដែរ អញ្ចឹងខ្ញុំបាទសូមថ្កោលទោសដាច់អហង្ការ ចំពោះចោរក្បត់ សម រង្ស៉ី គឺមិនអាចចូលស្រុកបានទេ កាលណាតែចូលស្រុក ច្បាប់មានតុលាការមាន ត្រូវចាប់ដាក់គុក។ សូមបងប្អូនកុំជឿពាក្យញុះញង់ ការឃោសនារបស់ចោរក្បត់ និងបក្ខពួករបស់សម រង្ស៉ី»។
សូមជំរាបថា នៅក្នុងកិច្ចសម្ភាសន៍វិទ្យុអាស៊ីសេរី (RFA) នាយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅ, សម្តីជនថោកទាប ក្បត់ជាតិសាសន៍ ក្បត់ព្រះមហាក្សត្រគឺទណ្ឌិត សម រង្ស៉ី បានបន្តប្រមាថព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតនៃរាស្រ្តខ្មែរ យ៉ាងធ្ងន់ធ្ងរបំផុតនៅក្នុងកម្មវិធី Hello VOA ដោយប្រើពាក្យប្រមាថធ្ងន់ៗបំផុត។
សម្តីជនថោកទាប សម រង្ស៉ី បាននិយាយយ៉ាងដូច្នេះថា៖ «...ព្រះមហាក្សត្រមិនដែលបើកព្រះនេត្រ ឃើញទុក្ខវេទនារបស់ប្រជារាស្រ្តខ្មែរទេ ព្រះមហាក្សត្រសព្វថ្ងៃ ដូចខ្ញុំនិយាយម្តងទៀត ចង់កាត់ទោសខ្ញុំមួយម៉ឺនដងទៀត អត់ខ្វល់ដែរ ព្រះមហាក្សត្រសព្វថ្ងៃ ជាចំណាប់ខ្មាំងរបស់ ហ៊ុន សែន ព្រះមហាក្សត្រសព្វថ្ងៃជាអាយ៉ងរបស់ ហ៊ុន សែន ព្រះមហាក្សត្រសព្វថ្ងៃ ធ្វើអ្វីតាមដែល ហ៊ុន សែន បញ្ជាឲ្យព្រះអង្គធ្វើទាំងអស់ ដូច្នេះព្រះមហាក្សត្រសព្វថ្ងៃ ជាព្រះមហាក្សត្រអត់បានការ អត់ប្រយោជន៍ ខ្ញុំអត់ចាប់អារម្មណ៍ អត់គោរពព្រះមហាក្សត្រសព្វថ្ងៃ....»។
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៧ បានចែងថា «អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ»។ មាត្រា៨ បានចែងថា «ព្រះមហាក្សត្រ ព្រះអង្គទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរ៍ភាពជាតិ។ ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរាណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និងការគោរពសន្ធិសញ្ញាអន្តរជាតិ»។
ជនក្បត់ជាតិ សម រង្ស៉ី បានប្រកាសនឹងវិលត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខ ដើម្បីប្រឆាំង និងផ្តួលរបបដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បច្ចុប្បន្ន។ ការវិលត្រឡប់នេះត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រកាសថា ជាការប៉ុនប៉ងធ្វើរដ្ឋប្រហាររាជរដ្ឋាភិបាលស្របច្បាប់ កើតចេញពីការបោះឆ្នោត៕