(ភ្នំពេញ)៖ ដើម្បីជំរុញដល់ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាត និងការប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ាន លើកទី២ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានសហការជាមួយ រដ្ឋបាលខេត្តកំពង់ឆ្នាំង និងខេត្តកំពត រៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពីស្តង់ដាទីក្រុងស្អាត និងស្តង់ដាទីក្រុងទេសចរណ៍ស្អាតអាស៊ាន ដោយមានការចូលរួមពីមន្រ្តីសាលាខេត្ត សាលាក្រុង មន្រ្តីរបស់មន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានភូមិ សង្កាត់ អាជីវករ យុវជន ស.ស.យ.ក និងសិស្សានុសិស្ស។
ក្នុងសិក្ខាសាលាផ្សព្វផ្សាយខាងលើនេះ លោក លន់ ប៊ុនធឿន ប្រធាននាយកដ្ឋានវាយតម្លៃទីក្រុងស្អាត បានបង្ហាញនូវខ្លឹមសារសំខាន់ៗនៃសូចនាករគោល និងសូចនាករលម្អិត នៃស្តង់ដាទីក្រុងស្អាត (ថ្នាក់ជាតិ និងអាស៊ាន) និងសារៈសំខាន់នៃការចូលរួមរបស់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ យុវជន សិស្សានុសិស្ស អាជ្ញាធរមូលដ្ឋាន អាជីវករ ផ្នែកឯកជន ទាំងអស់ក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាត ដែលជាការចូលរួមលើកកម្ពស់សោភ័ណភាពរបស់ក្រុង ផ្តល់ភាពកក់ក្តៅក្នុងរស់នៅ និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
សូមបញ្ជាក់ថា ការប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ាន គឺត្រូវបានរៀបចំឡើងដោយផ្អែកលើស្តង់ដាទីក្រុងទេសចរណ៍ស្អាតអាស៊ាន និងមានសុពលភាពរយៈពេល ៣ឆ្នាំ ហើយប្រទេសអាស៊ានទាំង១០ នឹងចូលរួមការប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ាន នេះ។
ឆ្នាំនេះ គឺជាការប្រឡងប្រណាំងលើកទី២ ហើយរាជរដ្ឋាភិបាលកម្ពុជា បានជ្រើសរើសក្រុង/ខណ្ឌ ចំនួន៦ ជាបេក្ខភាពដើម្បីចូលរួមការប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាតលើកទី២ រួមមាន៖ ក្រុងកំពត ខណ្ឌដូនពេញ ក្រុងកំពង់ចាម ក្រុងពោធិ៍សាត់ ក្រុងតាខ្មៅ និងក្រុងកំពង់ឆ្នាំងផងដែរ៕