(កំពង់ធំ)៖ ដើម្បីឱ្យប្រជាពលរដ្ឋមានភាពសាមគ្គីគ្នាចេះរស់នៅជាមួយគ្នាប្រកបដោយសុខដុមរមនា រដ្ឋបាលស្រុកបារាយណ៍ បានរៀបចំពិធីប្រណាំងទូកផ្កាចារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩ ដើម្បីឱ្យបងប្អូនបានសប្បាយរីករាយ។
លោក អៀន ឆេងហ័ន ជាយុវជនឃុំារាយណ៍ និងជាគណៈកម្មការប្រណាំងទូក បានលើកឡើងថា ការប្រណាំងទូកផ្កាចារនេះ គឺមាន ១៧ទូក ដែលមានកីឡាករសរុប ១៩៥នាក់ និងកម្លាំងត្រៀម៣៥នាក់ នៅប្រឡាយឈូកខ្សាច់ដោយចាប់ពីស្ពានអួរសួស្តីដល់រមណីយដ្ឋានអូរកាច់។
លោកបានបន្តថា ក្នុងនាមជាយុវជន លោកសូមអំពាវនាវដល់យុវជនទាំងអស់ចូលរួមសង្គមឱ្យបានច្រើន កសាងខ្លួនឱ្យក្លាយជាយុវជនល្អ ដើម្បីក្លាយខ្លួនជាយុវជនមួយរូបជួយកសាងប្រទេសជាតិ។ ការចូលរួមទាំងកម្លាំង ទាំងការចូលរួមទាំងថវិកា និងសម្ភារផ្សេងៗ និងចូលរួមនូវសុខសន្តិភាព ដោយមិនធ្វើអ្វីៗដែលសង្គមស្អប់ខ្ពើម និងសូមអំពាវនាវដល់សប្បុរសជនចូលរួមគាំទ្រឱ្យបានច្រើនកុះករ។
លោក អ៊ួង សារឿន បានបន្តថា ការប្រណាំងទូកផ្កាចារ គឺដើម្បីបង្កលក្ខណៈឱ្យបងប្អូនប្រជាពលរដ្ឋមានភាពសប្បាយរីករាយក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ឆ្លៀតក្នុងឱកាសនោះលោក ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវខិតខំប្រកបមុខរបរចិញ្ចឹមជីវិត និងចូលរួមគោរពច្បាប់ចរាចរណ៍ ដោយពាក់មួកសុវត្ថិភាព និងពាក់មួកសុវត្ថិភាពពេលបើកបរទោះទៅទីជិត ឬទីឆ្ងាយក៏ដោយបើកបរដោយគោរពសិទ្ធអាទិភាព មិនប្រើប្រាស់គ្រឿងស្រវឹង និងលើសល្បឿនកំណត់ បើកបរដោយយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក និងជៀសឆ្ងាយអំពីគ្រឿងញៀន លោកបានបញ្ជាក់ថា បញ្ហាគ្រឿងញៀនបច្ចុប្បន្ននេះ បានធ្វើឱ្យយុវជនមួយចំនួនដែលជាសសរទ្រូង នៃប្រទេសជាតិកំពុងតែធ្លាក់ខ្លួន ក្នុងបញ្ហាគ្រឿងញៀន ហើយអ្វីដែលសំខាន់នោះចូរឱ្យបងប្អូនគិតគូរអំពីបញ្ហាសុខភាពជាចំបង ដោយអនុវត្តនូវការហូបស្អាត ផឹកស្អាត រស់នៅស្អាត ចូលរួមសម្អាតបរិស្ថានឱ្យបានល្អដោយទុកដាក់សម្រាមក្នុងធុងសម្រាម និងត្រូវខិតខំការពារនូវសន្តិភាព ដើម្បីចូលរួមអភិវឌ្ឍជាមួយនឹងរាជរដ្ឋាភិបាល ដើម្បីឱ្យប្រទេសមានការអភិវឌ្ឍន៍ទៅមុខ៕