(បាត់ដំបង)៖ លោក សុខ ផល ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកបាណន់ ខេត្តបាត់ដំបង បានក្រើនរំលឹកដល់មន្ត្រី នៅក្នុងមូលដ្ឋានទាំងអស់ ត្រូវខិតខំបម្រើប្រជាពលរដ្ឋ ព្រមទាំងដោះស្រាយបញ្ហាប្រឈមនានា ឱ្យបានឆាប់រហ័ស ជាពិសេសត្រូវក្តាប់ឱបាននូវចលនាណាមួយរបស់ក្រុមក្បត់ជាតិ ទណ្ឌិត សម រង្ស៊ី ដែលបានប្រមាថដល់អង្គព្រះមហាក្សត្រ ជាអំពើមិនអាចលើកលែងឱ្យបាន។
ការលើកឡើងបែបនេះ របស់លោក សុខ ផល បានធ្វើឡើងនៅក្នុងឱកាសដែលលោកបានដឹកនាំប្រជុំពិនិត្យ ផ្សព្វផ្សាយខ្លឹមសារការងារ ដែលសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់ចេញ និងលើកទិសដៅធ្វើវេទិកាសាធាណៈជុំទី២ រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ ឱ្យបានចប់ក្នុងខែធ្នូខាងមុខ ដោយអញ្ជើញមន្ត្រីថ្នាក់មូលដ្ឋានជុំវិញស្រុក ឃុំ ភូមិចូលរួមសរុបចំនួន៣១៥នាក់ ក្នុងនោះផ្តោតយកការប្រមូលផ្តុំនូវបញ្ហាប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីចាត់ចែងដោះស្រាយ។
នៅក្នុងឱកាសនោះដែរ លោក សុខ ផល ក៏បានដឹកនាំក្រុមការងារចូលរួមពិធីកាន់បិណ្ឌទី១៣ នៅវត្តបាយតំរាំ តាមប្រពៃណីសាសនា ដោយឡែកតាមវត្ត នៃឃុំទាំង៧ផ្សេងទៀត ក្រុមការងារឃុំ ក៏បានរៀបចំដំណើរការដូចៗគ្នាផងដែរ។ ក្នុងពិធីទាំងអស់ក្រុមកាងារបានលើកពីបញ្ហា សន្តិសុខ សណ្តាប់ធ្នាប់ដោយសង្កត់ធ្ងន់ ពីអំពើប្រមាថព្រះមហាក្សត្ររបស់ទណ្ឌិតក្បត់ជាតិ សម រង្សី។
ទន្ទឹមនឹងនេះ ក្រុមការងារក៏បាននាំយករថយន្តសង្គ្រោះ ជាអំណោយរបស់សម្តេចក្រឡាហោម ស ខេង ចំនួន២គ្រឿងថែមទៀត ជូនដល់ឃុំបាយតំរាំ ០១ និងឃុំស្នឹង០១ដែរ។ បន្ថែមពីនេះ ក្រុមការងារ ថ្នាក់ជាតិ រួមជាមួយលោកគ្រូអ្នកគ្រូ អាជ្ញាធរមូលដ្ឋាន បានរៀបចំពិធីសំណេះសំណាល ជូនរង្វាន់លើកទឹកចិត្តដល់សិស្សប្រឡងថ្នាក់មធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩ទាំងជាប់-ធ្លាក់នៃវិទ្យាល័យទាំង២ ក្នុងស្រុកបាណន់ ជាប់ចំនួន២២២នាក់ ធ្លាក់៩៩នាក់៕