(សៀមរាប)៖ នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ បានថ្លែងទៅកាន់ប្រជាពលរដ្ឋទាំងអស់ និងកងកម្លាំងប្រដាប់អាវុធ ត្រូវរួបរួមសាមគ្គីគ្នា ដើម្បីប្រឆាំងនឹងក្រុមក្បត់ជាតិ ដែលហ៊ានប្រមាថព្រះចេស្ដារព្រះមហាក្សត្រ និងមានបំណងចង់បំផ្លាញសុខ សន្ដិភាព និងការអភិវឌ្ឍដែលកំពុងមានសព្វថ្ងៃ។
សារអំពាវនាវរបស់នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង ត្រូវបានធ្វើឡើងនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងឱកាស រួមដំណើរជាមួយភរិយា អញ្ជើញចូលរួមកាន់បិណ្ឌវេនទី១៤ នៅវត្តព្រឹន្ទ បុណ្យភ្ជំបិណ្ឌ ដែលជាបុណ្យមួយដ៏ធំ នៃប្រពៃណីទំនៀមទំលាប់របស់ប្រជាជនខ្មែរ ដែលកាន់សាសនាព្រះពុទ្ធ គោរពប្រតិបត្តិតាំងពីដូនតាតរៀងមក។
បន្ទាប់ពីការគោរពថ្វាយភូងផ្កា បូជាទៀនធូក ចំពោះព្រះពុទ្ធរូបព្រះសម្មាសាម្ពុទ្ធ និងនមសកាព្រះរតនត្រ័យ ទៅតាមគន្លងព្រះធម៌ព្រះសម្មាសាម្ពុទ្ធរួចមក មានមតិសំណេះសំណាលជាមួយព្រះសង្ឃ សីលវ័ន្ត សីលវតី ថ្នាក់ដឹកនាំ មន្ត្រីរាជការ នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង បានលើកឡើងថា ការធ្វើបុណ្យភ្ជុំបិណ្ឌនេះឡើង គឺដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធ មាតាបិតា ជីដូនជីតា ញ្ញាតិការទាំងប្រាំពីរសណ្តាន និងបុព្វការីជន ដែលបានចែកឋានទីកាន់បរលោកខាងមុខ និងដួងវិញ្ញាក្ខ័ន្តជូនកម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលី ក្នុងបុព្វហេតុរំដោះជាតិមាតុភូមិ និងការពារអភិវឌ្ឍន៍ប្រទេសជាតិ។
នាយឧត្តមសេនីយ៍ បានបន្តទៀតថា បុណ្យភ្ជុំបិណ្ឌ ក៏ដូចជាបុណ្យផ្សេងៗទៀត ត្រូវបានប្រារព្ធឡើង វិញក្រោយថ្ងៃជ័យជំនះ ៧មករាឆ្នាំ១៩៧៩ បន្ទាប់ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត បានដួលរលំទៅនោះ ក្រោមការបើកទូលាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះក៏បានធ្វើឲ្យវិស័យ ព្រះពុទ្ធចក្រមានការរីកចម្រើន ហើយប្រពៃណីព្រះពុទ្ធសាសនា ក្នុងជំនឿកាន់បិណ្ឌ ត្រូវបានប្រជាពលរដ្ឋខ្មែរនាំគ្នាគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន តាំងពីសម័យបុរាណ មកដល់សតវត្សរ៍ទី២១នេះ។
នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង ក៏បានអំពាវនាវឲ្យប្រជាពុទ្ធបរិស័ទទាំងអស់ និងកងកម្លាំង គឺរួមសាមគ្គីគ្នាឡើងប្រឆាំងទៅនឹងទង្វើក្បត់ជាតិ ដែលហ៊ានប្រមាថ ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង។ ម៉្យាងទៀតជនក្បត់ជាតិរូបនេះ ក៏បានកំពុងធ្វើការញុះញុង ដល់ជួរកងកម្លាំងឲ្យធ្វើការប្រឆាំងជាមួយ រាជរដ្ឋាភិបាលស្របច្បាប់ ដែលបានប្រសូត្រឡើងពីការបោះឆ្នោតគាំទ្ររបស់ប្រជាពលរដ្ឋ។
ក្នុងនោះ លោកក៏បានបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋគ្រប់រូប រួមគ្នាការពារនូវ សមទ្ធិផលសន្តិភាពឲ្យបានគង់វង្ស ដែលជាសមទ្ធិផលមួយមិនមែនកើតឡើង ដោយឯកឯងនោះឡើយ គឺផ្តើមចេញពីការតស៊ូរបស់ថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា កត្តាសន្តិភាពនេះហើយ ដែលធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើន។
បន្ទាប់មក នាយឧត្តសេនីយ៍ និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងពុទ្ធបរិស័ទ បានធ្វើការវេរប្រគេននូវទេយ្យទានវត្ថុ ដល់ព្រះសង្ឃ ដើម្បីសម្រាប់ប្រើប្រាស់ នៅក្នុងពេលព្រះសង្ឃគង់ចាំព្រះវស្សា រួមមានគ្រឿងឧបភោគបរិភោគមួយចំនួន មានអង្ករ មី ទឹកផ្លែឈើ ទឹកក្រូច ទឹកត្រី ទឹកស៊ីអ៊ីវ និងបច្ច័យមួយចំនួន ដើមី្បតំកល់ទុកសម្រាប់កសាងសមទ្ធិផលក្នុងទីវត្តព្រឹន្ទនេះផងដែរ៕