គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃទី១នៃពិធីបុណ្យភ្ជុំបិណ្ឌ ឆក់យកជីវិតមនុស្ស៨នាក់ និង២៧នាក់រងរបួស
27-09-2019 18:00
(ភ្នំពេញ)៖ យោងតាមរបាយការណ៍ពីអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩ ដែលជាថ្ងៃទី១ នៃពិធីបុណ្យភ្ជុំបិណ្ឌ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន ១៧លើក បណ្ដាលឲ្យមនុស្សស្លាប់ ៨នាក់ របួសស្រាល ១០នាក់ និងរបួសធ្ងន់ ១៧នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង ១៧លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន ១៩គ្រឿង, រថយន្តតូច ៨គ្រឿង, រថយន្ដធំ ២គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ ល្បឿន, បត់គ្រោះថ្នាក់, ប្រជែង, បត់គ្រោះថ្នាក់ និងមិនគោរពសិទ្ធិ។
សូមបញ្ជាក់ថា រយៈពេល២៧ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ២៩២លើក, បណ្ដាលឲ្យមនុស្សស្លាប់ចំនួន ១៥៦នាក់ របួសធ្ងន់ ២៥១នាក់ និងរបួសស្រាល ១៣២នាក់៕