(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា តែងតែបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា ក្នុងការថែរក្សាសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ ដែលបច្ចុប្បន្នបានបង្ហាញពីកំណើនសេដ្ឋកិច្ចខ្ពស់ប្រចាំឆ្នាំ ហើយប្រជាពលរដ្ឋទាំងអស់កំពុងរស់នៅដោយសុខដុមរមនា ។
ការគួសបញ្ជាក់របស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងតបទៅនឹងប្រជាពលរដ្ឋខ្មែរមួយចំនួនកំពុងរស់នៅក្នុងប្រទេសអាល្លឺម៉ង់ រួមទាំងក្មួយប្រុសរបស់ ប៉ុល ពត ផង ដែលបាននាំគ្នាធ្វើសកម្មភាពប្រមូលផ្តុំប្រឆាំង នឹងដំណើរបំពេញទស្សនកិច្ចរបស់សម្តេចនៅក្នុងប្រទេសអាល្លឺម៉ង់។
សម្តេចក្រឡាហោម មិនបានសម្តែងទោមនស្សចំពោះការប្រមូលផ្តុំនេះឡើយ ដោយសម្តេចចាត់ទុកការប្រមូលផ្តុំនេះ គឺជាសិទ្ធិសេរីភាពដែលជាដំណើរការធម្មតាក្នុងសង្គមប្រជាធិបតេយ្យ។ សម្តេចក្រឡាហោម ក៏បានឆ្លៀតបញ្ជាក់ថា នៅប្រទេសកម្ពុជាសព្វថ្ងៃនេះ ប្រជាពលរដ្ឋគ្រប់រូបក៏មានសិទ្ធិពេញលេញក្នុងការសម្តែងមតិ និងការប្រើសិទ្ធិសេរីភាពជាមូលដ្ឋានផ្សេងៗទៀតក្នុងសង្គមប្រជាធិបតេយ្យដូចគ្នានេះផងដែរ។
នៅក្នុងសារបង្ហោះលើបណ្តាញសង្គម Facebook ដើម្បីឆ្លើយតបទៅនឹងសកម្មភាពរបស់ខ្មែរនៅអាល្លឺម៉ង់នេះ សម្តេចក្រឡាហោម ស ខេង បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការស្តារប្រទេសចេញពីគំនរផេះផង់ដោយភ្លើងសង្គ្រាម ជាពិសេសរបបប្រល័យពូជសាសន៍ ប៉ុល ពត។
«ខ្ញុំព្រះករុណា ខ្ញុំយល់ថាស្ថានភាពពិតជាក់ស្តែងរបស់ប្រទេសយើងបច្ចុប្បន្ននេះ អាចឲ្យបងប្អូនជនរួមជាតិយល់បាន អំពីការខិតខំប្រឹងប្រែងស្តារប្រទេសជាតិឡើងវិញដ៏សែនលំបាករកអ្វីប្រៀបផ្ទឹមពុំបាន ពីភ្នក់ភ្លើងសង្គ្រាមដ៏រ៉ាំរ៉ៃ ពីការបែកបាក់ជាតិ និងពីឋាននរកនៃការកាប់សម្លាប់ដ៏សែនឃោរឃៅ ទម្រាំយើងអាចមកដល់ដំណាក់កាលសុខ សន្តិភាព និងការរីកចំរើនដូចបច្ចុប្បន្ននេះ»។ សម្តេចក្រឡាហោម ស ខេង គូសបញ្ជាក់។
សូមបញ្ជាក់ថា សម្តេចក្រឡាហោម ស ខេង បាននិងកំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អន្តរក្រសួងបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩ តបតាមការអញ្ជើញរបស់រដ្ឋាភិបាល នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដែល មានទំនាក់ទំនងការទូតយ៉ាងល្អជាមួយរាជរដ្ឋាភិបាល កម្ពុជា។
តាមរយៈដំណើរទស្សនកិច្ចផ្លូវការនេះ សម្តេចក្រឡាហោម និងគណៈប្រតិភូថ្នាក់ដឹកនាំអន្តរ ក្រសួង បានពិភាក្សាបញ្ហានានាក្នុងកិច្ចសហប្រតិបត្តិការក្នុងនាមប្រទេសជាមិត្ត ក៏ដូចជាការដកស្រង់បទពិសោធន៍ការងារពាក់ព័ន្ធនានា ពិសេសស្វែងយល់អំពីការងារអភិបាលកិច្ចនៅក្នុងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដែលជាប្រទេសធំមួយនៅក្នុងសមគមន៍អឺរ៉ុប។
ក្នុងដំណើរបំពេញទស្សនកិច្ចនេះ សម្តេចក្រឡាហោម និងគណៈប្រតិភូ ទទួលបានបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅ ប្រកបដោយមិត្តភាព និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីសំណាក់រដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងការស្វាគមន៍ប្រកបដោយមនោសញ្ចេទនាស្រលាញ់រាប់អានពីសំណាក់ជនរួមជាតិរស់នៅប្រទេសអាល្លឺម៉ង់ផងដែរ៕