(ភ្នំពេញ)៖ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឱ្យកងកម្លាំងសមត្ថកិច្ចគ្រប់មូលដ្ឋានតាមចាប់បុគ្គលឈ្មោះ សៅ ឧសភា ភេទស្រី អាយុ២៥ឆ្នាំ ក្រោយរងការចោទប្រកាន់ពីបទរួមគំនិតក្បត់ និងញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម កាលពីអំលុងឆ្នាំ២០១៩ ដែលជាបទល្មើសព្រហ្មទណ្ឌ និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៤៥៣ មាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។
បុគ្គលឈ្មោះ សៅ ឧសភា ខាងលើនេះ មានមុខរបរជាកម្មការិនីរោងចក្រ មានទីលំនៅបច្ចុប្បន្នស្នាក់នៅភូមិបត់គគីរ ឃុំអូរឧញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជានីតិជន ប៉ុន្តែបច្ចុប្បន្នបានគេចខ្លួនពីលំនៅដ្ឋានបាត់ទៅហើយ។
តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានឯកភាព និងស្នើសុំឲ្យចៅក្រមស៊ើបសួរចេញដីកាបង្គាប់ឲ្យចាប់ខ្លួនលើជនត្រូវចោទឈ្មោះ សៅ ឧសភា ដែលមានអត្តសញ្ញាណដូចខាងលើនេះ។
ហេតុដូច្នេះហើយ បានជាមានការសម្រេចថា៖
១៖ បង្គាប់ឲ្យចាប់ខ្លួនឈ្មោះ សៅ ឧសភា ដែលមានអត្តសញ្ញាណខាងលើនេះ។
២៖ បញ្ជាដល់កងកម្លាំងសាធារណៈឲ្យស្រាវជ្រាវរកចាប់ និងទាំខ្លួនឈ្មោះខាងលើនេះ មកប្រគល់ជូនសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។
៣៖ បញ្ជាដល់ប្រធានពន្ធនាគារ ឬមណ្ឌលឃុំខ្លួន នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ ឲ្យទទួល និងឃុំខ្លួនបុគ្គលនេះ នឹងត្រូវទៅបង្ហាញដល់ចៅក្រមស៊ើបសួរក្នុងរយៈពេលយ៉ាងខ្លីបំផុត៕