(ឧត្តរមានជ័យ)៖ ក្រុមហ៊ុនសាមនខេមរៈអភិវឌ្ឍន៍ សហការជាមួយអាជ្ញាធរមូលដ្ឋាន និងក្រុមប្រឹក្សាស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បាននាំអំណោយរួមមានថវិកា និងសម្ភារមួយចំនួនចែកជូនកងទ័ពការពារព្រំដែនគោកលេខ៤០៣ ក្នុងភូមិសាស្ត្រស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
លោក ដុំ ឈុននី ប្រធានក្រុមប្រឹក្សាស្រុកអន្លង់វែង បានថ្លែងឱ្យដឹងថា ថ្ងៃនេះអាជ្ញាធរដែនដី និងសមាជិកក្រុមប្រឹក្សាស្រុកអន្លង់វែងជាច្រើននាក់ រួមជាមួយក្រុមហ៊ុនសាមនខេមរៈអភិវឌ្ឍន៍ បាននាំអំណោយមានថវិកា និងសម្ភារមួយចំនួន ចែកជូនកងទ័ពការពារព្រំដែនគោកលេខ៤០៣ ចំនួន ៦០នាក់ ដែលជាប់បំពេញភារកិច្ចការពារតាមខ្សែរបន្ទាត់ព្រំដែន។
ជាមួយគ្នានោះ លោកប្រធានក្រុមប្រឹក្សាស្រុក បានថ្លែងអំណរគុណដល់លោកស្រី ផល គុជ្ជឌី អគ្គនាយិការក្រុមហ៊ុនសាមនខេមរៈអភិវឌ្ឍន៍ ដែលជានិច្ចកាលបានសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន នាំអំណោយចែកជូនប្រជាពលរដ្ឋរងគ្រោះផ្សេងៗ ក៏ដូចជាប្រជាពលរដ្ឋទីទាល់ក្រ ក្មេងកំព្រា ស្រ្តីមេម៉ាយ និងបានចូលរួមក្នុងការងារមនុស្សធម៌នៅក្នុងសង្គមជាច្រើនទៀត ស្របតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។
លោក ដុំ ឈុននី បានលើកឡើងថា អំណោយដែលបានចែកជូននាឱកាសនេះ គឺដើម្បីលើកទឹកចិត្តដល់កងកម្លាំង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ដែលកងកម្លាំងមានភារកិច្ច និងកាតព្វកិច្ចចាំបាច់ក្នុងកិច្ចការពារប្រទេសជាតិ ការពារព្រំដែន មិនមានពេលឈប់សម្រាកនោះ៕