(បន្ទាយមានជ័យ)៖ តាមការឱ្យដឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩នេះ ដោយសារទឹកជំនន់ហូរធ្លាក់យ៉ាងគំហុកពីប្រទេសថៃ ចូលមកកាន់ភូមិសាស្ត្រមួយចំនួននៅខេត្តបន្ទាយមានជ័យ បានបង្កឱ្យលិចលង់ផ្ទះប្រជាពលរដ្ឋជាច្រើនគ្រួសារ លិចវត្តអារាម និងប៉ះពាល់ដល់កំណាត់ផ្លូវជាតិលេខ៥។
តាមទំព័រ Facebook របស់ក្រសួងធនធានទឹក បានឱ្យដឹងថា នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩ ដោយសារឥទ្ធិពលនៃទឹកជំនន់ដែលហូរធ្លាក់យ៉ាងគំហុកមកពីប្រទេសថៃ តាមច្រកអូរល្ហុង ឬអូរខៃដន ធ្វើឲ្យមានការលិចលង់ប៉ះពាល់ដល់ភូមិថ្មសិន និងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប៉ះពាល់ដល់កំណាត់ផ្លូវជាតិលេខ៥ ប្រវែងប្រមាណចាប់ពី ៣០០-៤០០ម៉ែត្រ ក្នុងកម្ពស់ចាប់ពី ០.១០ម៉ែត្រ ដល់ ០.២០ម៉ែត្រ។
ករណីមួយទៀត បានកើតឡើងនៅឃុំស្ពានស្រែង ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដោយសារទឹកជំនន់បានហក់ឡើងខ្លាំងភ្លាមៗ កាលពីយប់ថ្ងៃ២៦ បណ្ដាលឲ្យលិចលង់ផ្ទះប្រជាពលរដ្ឋប្រមាណជាង ៤០គ្រួសារ នៅថ្ងៃទី២៧នេះ។ ដើម្បីការពារស្ថានភាពនេះ អាជ្ញាធរបានបើកទ្វារទឹកស្ពានស្រែងចំនួន ២ទ្វារ ប៉ុន្តែស្ថាភាពទឹកនៅតែបន្តហក់ឡើងខ្លាំង។
ជាមួយគ្នានេះនៅព្រឹកថៃ្ងសុក្រ ១៤រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩ លោក សេរី បណ្ឌិត អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងជាអនុប្រធានក្រុមការងារចុះជួយស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បានចុះពិនិត្យស្ថានភាពទឹកជំនន់ នៅឃុំស្ពានស្រែងភ្លាមៗផងដែរ។
សូមជម្រាបថា មន្ទីរធនធានទឹកខេត្តបន្ទាយមានជ័យ ក៏បានផ្ដល់ជាសំបកការ៉ុងចំនួន ៥០០ សម្រាប់ឃុំប្រើប្រាស់ក្នុងស្ថានភាពបន្ទាន់ផងដែរ។