(កំពង់ចាម)៖ អយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានសម្រេចចោទប្រកាន់ឈ្មោះ សឿន ស៊ាង អាយុ៤៣ឆ្នាំ ពីបទរួមគំនិតក្បត់ជាមួយពួកឧក្រិដ្ឋជន សម រង្ស៊ី ដែលការចោទប្រកាន់នេះ ធ្វើឡើងក្រោយជនអគតិរូបនេះ កៀរគរប្រជាពលរដ្ឋក្នុងស្រុកកំពង់សៀម និងស្រុកចំការលើឱ្យចូលរួមក្នុងផែនការផ្តួលរំលំរាជរដ្ឋាភិបាល។
តាមសេចក្ដីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងខេត្តកំពង់ចាម ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩នេះ បានឱ្យដឹងថា ឈ្មោះ សឿន ស៊ាង ខាងលើនេះ បានកៀរគរប្រជាពលរដ្ឋ និងមានផែនការដឹកនាំក្រុមរបស់ខ្លួន ធ្វើដំណើរទៅរាជធានីភ្នំពេញ ដើម្បីចូលរួមសកម្មភាពផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខ។
អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានបញ្ជាក់ថា អ្នកពាក់ព័ន្ធនឹងការគាំទ្រ ឬចូលរួមអនុវត្តផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាល នឹងត្រូវប្រឈមនឹងការចោទប្រកាន់ បញ្ជូនទៅតុលាការកាត់ទោសតាមច្បាប់ ពីបទរួមគំនិតក្បត់ ដែលអាចមានទោសពី ៥ឆ្នាំ ទៅ ១០ឆ្នាំ តាមបញ្ញត្តិមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ លើកលែងតែអ្នកពាក់ព័ន្ធទាំងនោះចូលមកសារភាពទាន់ពេលវេលា ដែលអាចនឹងត្រូវលើកលែងឱ្យរួចពីទោសតាមបញ្ញត្តិពិសេស នៃមាត្រា៤៥៤ នៃក្រមព្រហ្មទណ្ឌ៕
ខាងក្រោមនេះ ជាតាមសេចក្ដីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងខេត្តកំពង់ចាម៖