(កោះកុង)៖ លោកឧត្តមសេនីយ៍ទោ សំ ឃិតវៀន ស្នងការនគរបាលខេត្តកោះកុង និងមានការអមដំណើរដោយស្នងការរងនគបាលខេត្ត នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩ បាននាំយកអំណោយ និងថវិកាមួយចំនួនរបស់សប្បុរសជនជូនកងវរសេនា៨២៨ នគរបាលជើងគោកការពារព្រំដែន ស្ថិតក្នុងភូមិសាស្រ្តភូមិចយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

លោកឧត្តមសេនីយ៍ សំ ឃិតវៀន បានឱ្យដឹងថា អំណោយទាំងនេះ បានមកក្រោមការឧបត្ថម្ភពីសប្បុរសជនមានគ្រឿងឧបភោគ-បរិភោគ ត្រី សាច់ បន្លែ និងគ្រឿងទេស រួមនឹងថវិកាផងដែរ។

លោកឧត្តមសេនីយ៍ សំ ឃិតវៀន បានថ្លែងថា កម្លាំងនគរបាលជាតិមានកាតព្វកិច្ចការពារសុវត្តិភាពជូនជាតិជូនពលរដ្ឋ ហើយមានមនសិការទឹកចិត្តចេះជួយប្រជាពលរដ្ឋ នៅពេលពលរដ្ឋជួបឧបសគ្គអ្វីមួយដែលកើតឡើង។

ពិសេសកម្លាំងនគរបាលជាតិមានតួនាទីសំខាន់ណាស់ ក្នុងការការពារបូរណភាពទឹកដីការពារមិនឲ្យបាត់បង់ សូម្បីតែ១មីលីម៉ែត្រនៅតាមខ្សែបន្ទាត់ព្រំដែនជាប់ព្រំដែនថៃនេះ។

ដើម្បីប្រទេសជាតិ ដើម្បីប្រជាជនកម្លាំងនគរបាលជាតិ ត្រូវចេះរួមសាមគ្គីគ្នារក្សាភាពផ្ទៃក្នុងឲ្យបានរឹងមាំចេះជួយដោះទុក្ខធុរៈគ្នាទៅវិញទៅមក រឹតចំណងមិត្តឲ្យបានស្អិតល្មួត ពួតដៃគ្នាវាយកម្ទេចខ្មាំងសត្រូវណា ដែលចង់រំលោភបំពាន់មកលើកដែនដីកម្ពុជា។

លោកឧត្តមសេនីយ៍ទោ សំ ឃិតវៀន បានថ្លែងបន្តថា កម្លាំងនគរបាលទាំងអស់មិនត្រូវជឿសម្ដីញុះញ៉ុងរបស់ជនក្បត់ជាតិទណ្ឌិត សម រង្សុ ីឡើយ។ យើងត្រូវដឹងថាប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍរីកចម្រើន មានធនធានមនុស្សដោយសារក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដូច្នេះកម្លាំងនគរបាលជាតិទាំងអស់ ត្រូវជឿជាក់ទៅលើសម្តេចតេជោជានិច្ច ដែលសម្តេចតែងតែរកសុខសន្តិភាពជូនជាតិជូនប្រជាជនទូទាំងប្រទេស។

កម្លាំងនគរបាលជាតិប្តេជ្ញាការពារព្រះរាជបល្ល័ង្កឲ្យបានគង់វង្ស ជាពិសេសការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញមកពីបេះដួងប្រជារាស្រ្តខ្មែរពិត។
លោកបានបញ្ជាក់ថា អំណោយទាំងនេះបានមកពីការជួយឧបត្ថម្ភសប្បុរសជនបេះដូងខ្មែរជួយខ្មែរពិតៗ ជួយដល់កងកម្លាំងនគរបាលជាតិ ទោះបីពួកគាត់នៅជួរខាងក្រោមក៏គាត់មិនភ្លេចកម្លាំងនគរបាលជាតិ ដែលមានកាតព្វកិច្ចការពារខ្សែបន្ទាត់ព្រំដែនយ៉ាងមុះមាំដែរ៕