(ស្វាយរៀង)៖ អយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានសម្រេចធ្វើការចោទប្រកាន់លើឈ្មោះ ម៉ៅ វិបុល ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិថ្នា ឃុំគោកព្រីង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ពីបទរួមគំនិតក្បត់ និងពីបទះញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ដោយយោងតាមមាត្រា ៤៥៣ មាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌនៃកម្ពុជា។
យោងតាមមាត្រាខាងលើនេះ បុគ្គលឈ្មោះ ម៉ៅ វិបុល អាចមានទោសពី ៥ឆ្នាំ ទៅ ២០ឆ្នាំ និងទោសពី ៦ខែ ទៅ ២ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀល ទៅ ៤លានរៀល។
ការចោទប្រកាន់ខាងលើនេះ គឺពាក់ព័ន្ធនឹងការគាំទ្រ និងការចូលរួមអនុវត្តផែនការ «ការប៉ុនប៉ងធ្វើរដ្ឋប្រហារ» ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ក្រោមឧបាយកល «ផែនការនៃការវិលត្រឡប់មកកម្ពុជាវិញរបស់ឧក្រិដ្ឋជន សម រង្ស៊ី» ដោយបានធ្វើការអំពាវនាវតាមរយៈគណនី Facebook របស់ខ្លួន
និងសម្ភាសន៍តាមវិទ្យុអាស៊ីសេរី កាលពីអំឡុងខែសីហា និងខែកញ្ញា ឆ្នាំ២០១៩។
អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានបញ្ជាក់ថា អ្នកពាក់ព័ន្ធ និងការគាំទ្រ ឬការចូលរួមអនុវត្តផែនការ «ប៉ុនប៉ងធ្វើរដ្ឋប្រហារ» ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ក្រោមឧបាយកល «ផែនការនៃការវិលត្រឡប់មកកម្ពុជាវិញរបស់ឧក្រិដ្ឋជន សម រង្សី» នឹងត្រូវប្រឈមមុខនឹងការចោទប្រកាន់ និងបញ្ជូនទៅតុលាការកាត់ទោសតាមច្បាប់ពីបទរួមគំនិតក្បត់ ដែលអាចមានទោសពី ៥ឆ្នាំ ទៅ ២០ឆ្នាំ តាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ លើកលែងតែអ្នកចូលរួមទាំងនោះចូលមកសារភាពបានទាន់ពេលវេលា ដែលអាចនឹងត្រូវលើកលែងឱ្យរួចពីទោសតាមបញ្ញត្តិពិសេសនៃមាត្រា ៤៥៤ នៃក្រមព្រហ្មទណ្ឌ។
ខាងក្រោមនេះជាសេចក្ដីប្រកាសរបស់អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង៖