(ត្បូងឃ្មុំ)៖ ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកត្បូងឃ្មុំ ស្រុកក្រូចឆ្មារ ស្រុកមេមត់ និងក្រុងសួង និងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩នេះ បានចុះសំណេះសំណាល និងផ្តល់រង្វាន់ដល់សិស្ស ១,៦០០នាក់ ដែលប្រលងជាប់បាក់ឌុបនៅក្នុងក្រុង-ស្រុកទាំង៤ខាងលើ។
សិស្សានុសិស្សទាំង១៦០០នាក់ មកពីស្រុកក្រូចឆ្មារ ស្រុកត្បូងឃ្មុំ ស្រុកមេមត់ និងក្រុងសួង ខេត្តត្បូងឃ្មុំ ក្នុងនោះនិទ្ទេស A ចំនួន ១០នាក់ ត្រូវបានឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ឧបត្ថម្ភក្នុងម្នាក់ៗម៉ូតូហុងដាឌ្រីម ឆ្នាំ២០១៩ ១គ្រឿង (ស្មើនឹង ២៣,៥០០ដុល្លារ) ចំណែកសិស្សនិទ្ទេស B ដល់និទ្ទេស E ម្នាក់ៗទទួលបានថវិកា ១០មុឺនរៀល។
ព្រមទាំងចែកជូនថវិការលើកទឹកចិត្តដល់ប្រធាន-អនុប្រធានការិយាល័យអប់រំស្រុក លោកនាយក-នាយករងវិទ្យាល័យ ដោយសរុបថវិការទាំងអស់ចំនួនប្រមាណ ១៥២លានរៀល និង ២៣,៥០០ដុល្លារ។
ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា លើកឡើងថា ផឹកទឹកត្រូវនឹកដល់ប្រភព ជ្រកក្រោមម្លប់ត្រូវនឹកដល់អ្នកដាំ គឺសិស្សានុសិស្សដែលប្រឡងជាប់ គឺកុំភ្លេចគុណមាតាបិតា ពិសេសលោកគ្រូ អ្នកគ្រូ ដែលជាអ្នកបង្រៀន អប់រំទូន្មាន ផ្ទេរចំណេះដឹង ដែលធ្វើឱ្យសម្រេចជោគជ័យលើវិថីសិក្សា ទទួលបានលទ្ធផលយ៉ាងគាប់ប្រសើរបែបនេះ។
មួយវិញទៀត គឺចង់បង្ហាញប្រាប់ថា ប្រទេសជាតិមានសុខសន្តិភាព និងអភិវឌ្ឍន៍ ដូចដែលបានឃើញបច្ចុប្បន្ននេះ គឺដោយសារការតស៊ូលះបង់ ក្រោមគោលនយោបាយដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលប្រជាពលរដ្ឋខ្មែរគ្រប់រូប ពិសេសសិស្សត្រូវដឹងចងចាំ និងបន្តគាំទ្រឆ្លាក់ចារជាប់ក្នុងចិត្ត។
លោកឧបនាយករដ្ឋមន្ត្រីបានណែនាំឱ្យសិស្សានុសិស្សាឱ្យត្រូវធ្វើខ្លួនជាកូនល្អសិស្សល្អ មិត្តល្អ ពលរដ្ឋល្អ បន្តខិតខំសិក្សារៀនសូត្រ នៅថ្នាក់បញ្ញាបត្រជាបន្ត ដើម្បីឈោងចាប់នូវអនាគតដ៏ល្អ សម្រាប់ខ្លួនឯង គ្រួសារ និងជាអ្នកបន្តវេនដ៏រឹងមាំ សម្រាប់សង្គមជាតិ។
សូមបញ្ជាក់ថា ទូទាំងខេត្តត្បូងឃ្មុំ សិស្សប្រឡងជាប់បាក់ឌុប ក្នុងឆ្នាំ២០១៩នេះ មានចំនួន ៣,០៣៤នាក់ (ស្រី ១,៧៦១នាក់) ក្នុងនោះនិទ្ទេស A ចំនួន១៥នាក់ និទ្ទេស B ចំនួន ៧១នាក់ និទ្ទេស C ចំនួន ២៣០នាក់ និទ្ទេស D ចំនួន ៥៣១នាក់ និងនិទ្ទេស E ចំនួន ២១៧៩នាក់។
ដោយឡែក កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩កន្លងទៅ ក្រោយចេញលទ្ធផលប្រលងភ្លាម សិស្សក្នុងខេត្តត្បូងឃ្មុំ ជាប់និទ្ទេស A ចំនួន ១៥នាក់ លោកអភិបាលខេត្ត ជាម ច័ន្ទសោភ័ណ បានផ្តល់ជូននូវកុំព្យូទ័រយួរដៃ ១៥គ្រឿង ក្នុងម្នាក់១គ្រឿង និងថវិការ ៤២មុឺនរៀលផងដែរ៕