(ស្ទឹងត្រែង)៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង និងលោកស្រី នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩នេះ បានសម្ពោធអគារប្រជុំអប់រំចិត្តសាស្ត្រ និងសំណេះសំណាលសួរសុខទុក្ខកងទ័ប នៅបញ្ជាការដ្ឋានកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។
លោក ឃួង ស្រេង បានបញ្ជាក់ឱ្យដឹងថា អគារប្រជុំអប់រំចិត្តសាស្ត្រអង្គភាពកងពលតូចអន្តរាគមន៍លេខ១២៨ ឈរជើងនៅតំបន់អូរអាល័យ ស្រុកសៀងប៉ាង ខេត្តស្ទឹងត្រែង ដែលសម្ពោធដាក់ឱ្យប្រើប្រាស់នេះ គឺជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
លោក ឃួង ស្រេង បានឱ្យដឹងថា ប្រទេសជាតិមួយខ្លាំង ដោយសារកងទ័ព ហើយកងទ័ពដែលខ្លាំង ដោយសារមេទ័ពខ្លាំងដែរ ទើបអាចការពារជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាល ការពារទឹកដី និងថែរក្សាសុខសន្តិភាពជូនជាតិមាតុភូមិ និងប្រជាជនបាន។
លោក ឃួង ស្រេង និងលោកស្រី បានប្រគល់អំណោយរបស់សម្តេចទាំងទ្វេ ក្នុងនោះរួមមាន៖
* ទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ ឧបត្ថម្ភជនទីបញ្ជាការដ្ឋានកងពលតូចអន្តរាគមន៍លេខ១២៨ ថវិកាចំនួន ២០លានរៀល ព្រមទាំងថវិកា និងគ្រឿងឧបភោគ-បរិភោគជូនដល់នាយទាហាន នាយទាហានរង ពលទាហានជាច្រើននាក់ទៀតផងដែរ។
* វរសេនាតូចអន្តរាគមន៍ចំនួន៥ ឧបត្ថម្ភជូនទីបញ្ជាការវរសេនាតូចចំនួន៥ ក្នុង១វរៈទទួលបានថវិកាចំនួន ១០លានរៀល ព្រមទាំងថវិកា និងគ្រឿងឧបភោគ-បរិភោគជូនដល់នាយទាហាន នាយទាហានរង ពលទាហានជាច្រើននាក់ទៀតផងដែរ។ ចាក់ដីលប់ដាំទឹកធ្វើទីធ្លារនៅមុខអគារអប់រំចិត្តសាស្ត្រថ្មីអស់ថវិកា ៣៣,២៥០,០០០រៀល។
* ឧបត្ថម្ភគ្រឿងឧបភោគ-បរិភោគចំនួន ៥កងវរសេនា ក្នុងមួយកងទទួលបានមី ២០០កេសតូច ទឹកត្រី ២០០យួរ ទឹកស៊ីអីវ ២០០យួរ ស្រាបៀរ ៥០កេស ទឹកផ្លែឈើ ២៥កេស នំអន្សម ៩៦០នំ សាច់ជ្រូកចំនួន ៤៨០គីឡូក្រាម។ យោធភូមិភាគទី១ចំនួន ៥,០០០,០០០រៀល។ តំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែងចំនួន ២,០០០,០០០រៀល។
* សាលាក្រុងស្ទឹងត្រែងចំនួន ១,០០០,០០០រៀល។ ផ្នែកសឹករងស្ទឹងត្រែងចំនួន ៥០០,០០០រៀល។ កងរាជអាវុធហត្ថក្រុងស្ទឹងត្រែងចំនួន ៥០០,០០០រៀល។ នគរបាលក្រុងស្ទឹងត្រែងចំនួន ៥០០,០០០រៀល។ សាលាសង្កាត់ស្ទឹងត្រែងចំនួន ៥០០,០០០រៀល។
* គ្រូពេទ្យចំនួន ២៧នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១០០,០០០រៀល។ អ្នកជំងឺចំនួន ៣៥នាក់ ក្នុងម្នាក់ៗទទួលបានសារុង ១ ក្រមា ១ អាវរងា ១ អាវភ្លៀង ១ ទឹកដោះគោឆៅ ១យួរ និងថវិកាចំនួន ៥០,០០០រៀល។
* វត្តទួលរាជានុកូលរតនារាម (ហៅវត្តគីឡូលេខ៧) វត្តរតនវុទ្ធីមុនីរាម (ហៅវត្តអូរពងមាន់) វត្តគាមុន្នីវ័ន្ត (ហៅវត្តអូរច្រឡង់) និងវត្តបុព្វតាយារាម (ហៅវត្តចប់) ក្នុងមួយវត្តប្រគេនបច្ច័យក្នុងឱកាសបុណ្យភ្ជុំបិណ្ឌចំនួន ២,០០០,០០០រៀល៕