Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តត្បូងឃ្មុំ ជួបសំណេះសំណាលពិសារអាហារសាមគ្គី ជាមួយសិស្សជាង៣០០នាក់ មកពីវិទ្យាល័យក្នុងខេត្ត

27-09-2019 11:55

(ត្បូងឃ្មុំ)៖ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរនេះ អភិបាលខេត្តត្បូងឃ្មុំ លោក ជាម ច័ន្ទសោភ័ណ និងលោកស្រី ម៉េង វ៉ាន់ដានីន បានរៀបចំកម្មវិធី ជួបជុំលើកទី១ ពិសារអាហារសាមគ្គី និងសំណេះសំណាល ក៏ដូចជាឧបត្ថម្ភថវិកាមួយចំនួន ដល់សិស្សជាង៣០០នាក់ មកពីវិទ្យាល័យនានា ក្នុងក្រុងស្រុកជុំវិញខេត្ត។

ក្នុងឱកាសជួបជុំពិសារអាហារសាមគ្គី នៅគេហដ្ឋានរបស់លោកផ្ទាល់ នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ លោក ជាម ច័ន្ទសោភ័ណ បានធ្វើការសំណេះសំណាល ណែនាំ ផ្ដល់ដំបូន្មានល្អៗ ជំរុញលើកទឹកចិត្ត ផ្តល់ភាពកក់ក្តៅបង្កើនភាពស្និទ្ធស្នាល ធ្វើយ៉ាងណាបណ្ដុះទំពាំងឲ្យមានគុណភាព ដោយជំរុញខិតខំសិក្សារៀនសូត្រ មានទាំងចំណេះដឹង សីលធម៌ល្អ ការនិយាយស្ដីត្រឹមត្រូវ ធ្វើរឿងត្រឹមត្រូវ បង្កើនការចូលរួមការងារសង្គម ពិសេសធ្វើជាកូនល្អ មិត្តល្អ សិស្សល្អ ពលរដ្ឋល្អ ដើម្បីក្លាយជាឫស្សីដ៏រឹងមាំល្អ សម្រាប់សង្គមជាតិ។

ក្នុងកម្មវិធីជួបជុំប្រកបដោយភាពស្និទ្ធស្នាល និងស្នាមញញឹមនោះ លោកជាម ច័ន្ទសោភ័ណ និងលោកស្រី បានបញ្ជាក់ថា នឹងរៀបចំឲ្យមានកម្មវិធីបែបនេះ ឲ្យកាន់តែច្រើននាពេលបន្តបន្ទាប់ទៀត ពោលនៅក្នុងមួយឆ្នាំ រៀបចំកម្មវិធីជួបគ្នាពីរដង នៅគេហដ្ឋានរបស់លោកផ្ទាល់តែម្ដង៕