(កណ្ដាល)៖ ស្របពេលពលរដ្ឋខ្មែរបាននិងកំពុងប្រាព្ធពិធីបុណ្យភ្ជុំបិណ្ឌ មានប្រជាពុទ្ធបរិស័ទចាស់ក្មេងទាំងឡាយទៅវត្តអារាមតាមមូលដ្ឋានរៀងៗខ្លួន ខណៈវត្តអារាមនៅទូទាំងខេត្តកណ្ដាលក៏កំពុងមានភាពមមាញឹក ទន្ទឹមនឹងនេះកម្លាំងអាវុធហត្ថខេត្តកណ្ដាល ក៏ដាក់ពង្រាយយ៉ាងច្រើនកុះករ ដើម្បីការពារសន្តិសុខ និងសណ្ដាប់ធ្នាប់ចរាចរណ៍នៅតាមទីវត្តអារាម និងកន្លែងកម្សាន្តនានា។
លោក សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្ដាល បានប្រាប់ Fresh News នៅថ្ងៃទី២៧ ខែកញ្ញានេះថា ដើម្បីរក្សាសុខសុវត្ថិភាពជូនសាធារណជននៅរដូវបុណ្យភ្ជុំបិណ្ឌនេះ កម្លាំងអាវុធហត្ថខេត្តកណ្ដាល បានដាក់វេនគ្នាតាមតារាងកំណត់យ៉ាងច្បាស់ ដោយកំណត់គោលដៅ ពេលវេលា ចំនួនកម្លាំង ដើម្បីធ្វើយ៉ាងណា រក្សាសន្តិសុខខ្ពស់ដល់ប្រជាពលរដ្ឋទាំងអស់ ដែលទៅធ្វើបុណ្យតាមទីវត្តអារាម និងតាមបណ្ដាកន្លែងកម្សាន្តនានានៅទូទាំងខេត្តកណ្ដាល។
លោក សំ តុលា បានអំពាវនាវពលរដ្ឋទាំងអស់ចូលរួមធ្វើបុណ្យប្រកបដោយចិត្តជ្រះថ្លា ជៀសវាងអំពើអបាយមុខផ្សេងៗ ជៀសវាងទំនាស់ផ្សេងៗ ពិសេសសូមផ្ដល់ព័ត៌មានមកកម្លាំងរាជអាវុធហត្ថនៅជិតបំផុត បើសិនជាឃើញក្រុមណាចង់បង្កបញ្ហាណាមួយ ៕