(រតនគិរី)៖ គណៈប្រតិភូស្នងការនគរបាលខេត្ត ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩នេះ បានចុះសួរសុខទុក្ខ និងនាំអំណោយជូនកងកម្លាំងវរការពារព្រំដែនលេខ៦២៣ និង២០៣។ ពិធីនេះធ្វើឡើងនៅទីបញ្ជាការវរការពារព្រំដែនលេខ៦២៣ ស្ថិតក្នុងភូមិប៉ក់ធំ ស្រុកអូរយ៉ាដាវ ខេត្តរនគិរី។
អំណោយចែកជូនក្នុងឱកាសនេះ រួមមាន៖ កម្លាំងវរការពារព្រំដែនលេខ២០៣ ទទួលបានត្រីខ ២៥យួរ មី៦០កេះ ទឹកសុទ្ធ១០យួរ អង្ករ៣២៥គីឡូក្រាម ប៊ីចេង២គីឡូក្រាម និងវរការពារព្រំដែនលេខ៦២៣ ទទួលបានត្រីខ១៥យួរ មី៤០កេះ ទឹកសុទ្ធ១០យួរ អង្ករ៣០០គីឡូក្រាម ប៊ីចេង២គីឡូក្រាម។
លោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្ត បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលរូបលោកតែងគិតគូរសុខទុក្ខដល់កម្លាំងនគរបាលជាតិគ្រប់កាលៈទេសៈ។
លោកឧត្តមសេនីយ៍ស្នងការបន្តថា ទោះបីអំណោយតិចតួចក្តី ប៉ុន្តែជាទឹកចិត្តរបស់ថ្នាក់ដឹកនាំចូលរួមវិភាគទានជាថវិកា ជាគ្រឿងឧបភោគ-បរិភោគ ផ្សារភ្ជាប់ជាមួយកម្លាំងក្រោមឱវាទ ដែលពួកគាត់កំពុងបំពេញភារកិច្ចការពារព្រំដែនឃ្លាតឆ្ងាយពីក្រុមគ្រួសារ។
ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្ត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌសូមជូនពរឲ្យកម្លាំងនគរបាលវរការពារព្រំដែនទាំង២ និងក្រុមក្រុមគ្រួសារជួបប្រទះសុខភាពល្អ និងប្រកបការងារជោគជ័យ៕