(បាត់ដំបង)៖ អ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង លោក ឡោក ហ៊ួរ បាននាំយកអំណោយចែកជូនប្រជាពលរដ្ឋ ៨គ្រួសារ ដែលរងគ្រោះបាក់ដីស្រុតផ្ទះ៨ខ្នង កាលពីយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ កន្លងមក ដោយសារជំនន់ទឹកភ្លៀង នៅភូមិស្លក្រាម ឃុំវត្តតាមិម ស្រុកសង្កែ។

សកម្មភាពសប្បុរសធម៌ខាងលើនេះធ្វើឡើងនាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងនោះលោក ឡោក ហ៊ួរ បានបញ្ជាក់ថា ទោះជាលោកមិនបានចុះមកភ្លាមៗក៏ដោយ តែក្រោយបានទទួលដំណឹងភ្លាម លោកបានចាត់ឲ្យក្រុមការងារមូលដ្ឋានចុះជួយពលរដ្ឋរងគ្រោះភ្លាមៗម្តងហើយ ហើយជាក់ស្តែងថ្ងៃនេះ លោកបានចុះមកពិនិត្យផ្ទាល់ និងចូលរួមសោកស្តាយចំពោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងនេះ ធ្វើឲ្យប៉ះពាល់ខូចខាតផ្ទះសម្បែង៨ខ្នងផ្ទះ។

អំណោយដែលបានចែកជូននាពេលនោះ ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ២៥គីឡូក្រាម មី១កេស ទឹកស៊ីអ៉ីវ១យួរ ទឹកត្រី១យួរ ក្រមា១ និងថវិកា២០ម៉ឺនរៀល។ លោកក៏បានផ្តល់ប្រេងចាក់ម៉ាស៊ីនបូមទឹកចេញពីចម្ការរបស់ប្រជាពលរដ្ឋ ដែលកំពុងរងការលិចលង់ផងដែរ។

អ្នកតំណាងរាស្រ្តបានប្រាប់ទៅពលរដ្ឋរងគ្រោះទាំងអស់ថា ពេលនេះជារដូវវស្សាមានភ្លៀងធ្លាក់ច្រើន សូមពលរដ្ឋរស់នៅដោយប្រុងប្រយ័ត្នខ្ពស់ ជៀសវាងជួបប្រទះគ្រោះថ្នាក់ធម្មជាតិផ្សេងៗទៀត គឺត្រូវរស់នៅដោយការពារសុខភាពរស់នៅស្អាត ផឹកទឹកស្អាត មានអនាម័យល្អ និងការពារកុំឲ្យមូសខាំ ដែលបណ្តាលឲ្យកើតមានជំងឺគ្រុនចាញ់ និងគ្រុនឈាមជាដើម។

លោក ឡោក ហ៊ួរ បានជម្រាបដល់ប្រជាពលរដ្ឋថា សូមកុំឲ្យចាញ់បោកជឿឃោសនារបស់ជនអគតិមួយក្រុម គឺជនក្បត់ជាតិដែលតែងតែឃោសនាបំបែកបំបាក់សាមគ្គីភាព ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ហើយយើងអាចមានទោសទណ្ឌដល់ខ្លួន និងក្រុមគ្រួសារដោយមិនដឹងខ្លួនផង។

ប្រជាពលរដ្ឋរងគ្រោះទាំង៨គ្រួសារ បានសម្តែងនូវការថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលតែងតែដឹងសុខទុក្ខពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងបានជួយអភិវឌ្ឍន៍មូលដ្ឋានមានការរីកចម្រើនលើគ្រប់វិស័យ ពិសេសបានជួយដោះស្រាយកង្វល់ និងសំណូមពររបស់ប្រជាពលរដ្ឋបានទាន់ពេលវេលាផងដែរ៕