(កំពង់ធំ)៖ ដោយសារកត្តាសន្តិភាពបានធ្វើឲ្យប្រទេសកម្ពុជាមានការរីកចម្រើន រដ្ឋបាលស្រុកសណ្ដាន់ បានរៀបចំពិធីប្រណាំងទូកង ដើម្បីអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ និងត្រៀមខ្លួនសម្រាប់ជ្រើសរើសជើងឯកនៅថ្នាក់ខេត្ត ក៏ដូចជានៅរាជធានីភ្នំពេញផងដែរ។
ក្នុងពិធីបើកព្រឹត្តិការណ៍ខាងលើ ដែលបានធ្វើឡើងនាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ លោក ឡង គីស៊ឹង អភិបាលស្រុកសណ្ដាន់ បានបញ្ជាក់ថា ការរៀបចំពិធីប្រណាំងទូកងនេះមានទូកងចំនួន ៨គូ និងមានកីឡាករចំនួន ៤៣២នាក់។ រីឯការរៀបចំនេះធ្វើឡើងនៅតំបន់អូរមាន ដែលជាតំបន់រមណីយដ្ឋាន ស្ថិតនៅក្នុងឃុំមានជ័យ ស្រុកសណ្ដាន់។
លោកបានបន្តថា ពិធីប្រណាំងទូកនេះ ដើម្បីឲ្យប្រជាពលរដ្ឋមានការសប្បាយរីករាយក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ និងបានអំពាវនាវប្រជាពលរដ្ឋចូលរួមក្នុងពិធីនេះបានច្រើនកុះករ ទោះបីជាចាញ់ ឬឈ្នះក៏ដោយ។
លោកផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំការពារនូវសន្តិភាព ដើម្បីចូលរួមអភិវឌ្ឍន៍ជាមួយនឹងរាជរដ្ឋាភិបាល ហើយមួយវិញទៀតនោះ កីឡាករទូកងត្រូវចេះសាមគ្គីភាពជាធ្លុងមួយ ដើម្បីយកឈ្នះគូប្រកួតរបស់ខ្លួន ខិតខំប្រកបមុខរបរចិញ្ចឹមជីវិត និងចូលរួមគោរពច្បាប់ចរាចរណ៍ ដោយពាក់មួកសុវត្ថិភាព ពេលបើកបរទោះទៅទីជិត ឬទីឆ្ងាយក៏ដោយ និងជៀសឆ្ងាយអំពីគ្រឿងញៀន ហើយត្រូវគិតគូរអំពីបញ្ហាសុខភាពជាចម្បង។
គួរបញ្ជាក់ថា ជយលាភីលេខ១ ទទួលបាន ៤ទូក លេខ២ ទទួលបាន ៤ទូក លេខ៣ ទទួលបាន៥ និងលេខ៤ ទទួលបាន ៣ទូក៕