(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានថ្លែងទៅកាន់អតីតយុទ្ធជន ដែលបាត់ចូលនិវត្តន៍ និងបាត់បង់សមត្ថភាពថា មិនត្រូវជឿការឃោសនាអកុសលរបស់ក្រុមក្បត់ជាតិ ដែលចោទប្រកាន់ថា រាជរដ្ឋាភិបាលបោះបង់ចោលអតីតយុទ្ធជននោះឡើយ។

ក្នុងពិធីសំណេះសំណាល និងបំពាក់ឋានន្តរសក្តិជូនយោធិនត្រូវចូលនិវត្តន៍ ឆ្នាំ២០១៩ កងទ័ពជើងគោក នៅកងពលលេខ៧០ ដែលបានធ្វើឡើងនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ដរាបណាសម្តេចតេជោ ហ៊ុន សែន នៅដឹកនាំប្រទេស លោកជាយោធិនពិការម្នាក់ លោកយល់ច្បាស់ណាស់ពីសុខទុក្ខរបស់អតីតយុទ្ធជន លោកនៅតែបន្តដោះស្រាយ និងបន្តខិតខំផ្ដល់គោលនយោបាយថ្មីៗ ជូនអតីតយុទ្ធជនបន្តទៅទៀត។

មេទ័ពជើងគោករបស់កម្ពុជារូបនេះ បានអះអាងទៀតថា អតីតយុទ្ធជនដែលបានចូលនិវត្តន៍ មិនបញ្ចប់ត្រឹមការបំពាក់ឋានន្ដរស័ក្ដិនោះទេ ពោល ក៏ទទួលបានប្រាក់សោធននិវត្តន៍សមរម្យ ដូច្នេះហើយអតីតយុទ្ធជនទាំងអស់ និងក្រុមគ្រួសារបងប្អូន ត្រូវតែបន្ដចូលរួមថែរក្សាសុខសន្តិភាព ព្រោះតម្លៃសន្តិភាព នៅពេលដែលវាបាត់បង់បានដឹងថាវេទនា។

លោក ហ៊ុន ម៉ាណែត បានបន្ថែមថា ការជួបជាមួយអតីតយុទ្ធជន គឺសំខាន់មិនខុសពីការចូលរួមពិធីភ្ជុំបិណ្ឌទេ ព្រោះនេះគឺជាការថ្លែងអំណរគុណ ចំពោះអ្នកដែលមានគុណូបការៈ ដែលនៅមានជីវិតនៅក្នុងការចូលរួមបំពេញកាតព្វកិច្ចបម្រើជាតិមាតុភូមិ។ គ្រាន់តែខុសគ្នាត្រង់ថា យើងទៅភ្ជុំបិណ្ឌ ដើម្បីឧទ្ទិសកុសលផលបុណ្យ ចំពោះអ្នកដែលស្លាប់ហើយ។ ប៉ុន្តែការបំពាក់ឋានន្តរសក្តិនាពេលនេះ គឺជូនដល់នាយទាហានដែលមានដៃនៅក្នុងការរំដោះជាតិ និងបានចូលរួមនៅក្នុងអនុវត្តយុទ្ធសាស្ត្រឈ្នះឈ្នះ បញ្ចប់សង្គ្រាម និងថែរក្សាសុខសន្តិភាពដល់ពេលនេះ ហើយបើគ្មានការចូលរួមពីគ្រប់ភាគីទាំងអស់ មកដល់ពេលនេះយើងប្រហែលជាគ្មានបានសុខទេ៕