(ភ្នំពេញ)៖ រដ្ឋាភិបាលចិន បានសម្ដែងការគាំទ្រពេញទំហឹង ចំពោះផែនការត្រៀមធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣(SEA Games) របស់កម្ពុជា និងបានបើកភ្លើងខៀវជួយកម្ពុជា ឆ្ពោះទៅរកភាពជោគជ័យក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះទៀតផង ។ នេះបើតាមការបញ្ជាក់របស់លោក PANG XIAOFENG តំណាងក្រុមហ៊ុន China Sports International Co., Ltd(CISIC) និងជាបេសកជនរដ្ឋបាលកីឡា នៃសាធារណរដ្ឋប្រជាមានិតចិន។
ការអះអាងបែបនេះ បានធ្វើឡើងចំពោះមុខលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ក្នុងជំនួបសំណេះណាល នៅអាគារ NOCC កាលពីល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ បន្ទាប់ពីក្រុមហ៊ុនកីឡាអន្ដរជាតិដ៏ធំរបស់ចិនខាងលើ ត្រូវបានរដ្ឋាភិបាលចិន បញ្ជូនមកធ្វើទស្សនកិច្ចសិក្សា ស្រាវជ្រាវ វិស័យកីឡានៅកម្ពុជាចាប់ពីថ្ងៃទី១០ ដល់២៩ ខែកញ្ញា ២០១៩។
លោក PANG XIAOFENG បានបញ្ជាក់ថា ក្រោយធ្វើកម្មសិក្សានៅកម្ពុជា លោកបានរៀបចំរបាយការណ៍ដ៏ជាក់លាក់ ផ្ញើរទៅស្ថានទូតចិននៅកម្ពុជា និងរដ្ឋាភិបាលរបស់ខ្លួន ដើម្បីពិនិត្យ ។ ជាការឆ្លើយតបរដ្ឋាភិបាលចិន បានទទួលយករបាយការណ៍ដ៏ជាក់លាក់ខាងលើ ហើយបានសរសើរកម្ពុជា ចំពោះការរៀបចំផែនការដ៏ត្រឹមត្រូវ និងបានទទួលយកសំណើរមួយចំនួន ដើម្បីជួយដល់កម្ពុជា ពិសេសការបណ្ដុះបណ្ដាលធនធានមនុស្សរួមមាន៖
ទី១- ការទទួលយកនូវគម្រោងហ្វឹកហាត់រយៈពេលវែង ចាប់ពីឆ្នាំ២០២០ រហូតដល់ឆ្នាំ២០២៣ និងការឧបត្ថម្ភគ្រូជំនាញ មកបង្ហាត់ផ្ទាល់នៅកម្ពុជា លើកីឡាប្រមាណ ១៣ប្រភេទ អំឡុងពេលចិន មានកម្មវិធីបុណ្យឈប់សម្រាក ឬវិស្សមកាល ។
ទី២- ឧបត្ថម្ភផ្នែកឧបករណ៍ និងសម្ភារៈហ្វឹកហាត់មួយចំនួន ដល់សហព័ន្ធកីឡា ដែលបានបញ្ជូនទៅហ្វឹកហាត់នៅចិន ហើយខ្វះខាតឧបករណ៍ស្ដង់ដារ ដើម្បីងាយស្រួលក្នុងការហ្វឹកហាត់ ។
ទី៣- ជួយបណ្ដុះបណ្ដាលមន្ដ្រីជំនាញនៅចិន អំពីការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ ពិសេសការគ្រប់គ្រង់ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលត្រូវសាងសង់រួចមុនស៊ីហ្គេមជាង ២ឆ្នាំ និងជួយបណ្ដុះបណ្ដាលអ្នកជំនាញ IT ផ្នែក Game Management System ក្នុងការគ្រប់គ្រង់ការប្រកួតតាមប្រព័ន្ធ Digital ជាដើម។
ទី៤-គាំទ្រ និងជួយដល់ការរៀបចំពិធីបើក-បិទព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ។
ឆ្លៀតឱកាសនោះ លោកបណ្ឌិត ថោង ខុន បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះរដ្ឋាភិបាលចិន ដែលបានបញ្ជូនប្រតិភូជំនាញមកសិក្សាស្រាវជ្រាវពីវិស័យកីឡាកម្ពុជា និងបានប្រកាសជំហរជួយដល់វិស័យកីឡាកម្ពុជា ពិសេសដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ស្របពេលក្រសួង-ស្ថាប័នពាក់ព័ន្ធ ពិសេសរាជរដ្ឋាភិបាលកម្ពុជា កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ដើម្បីត្រៀមធ្វើម្ចាស់ផ្ទះលើកដំបូង ។
លើសពីនេះ លោករដ្ឋមន្ដ្រី ក៏បានអរគុណ ចំពោះក្រុមហ៊ុនកីឡាអន្ដរជាតិរបស់ចិនខាងលើ ក្នុងការបើកភ្លើងខៀវជួយដល់កីឡាប៉ារ៉ាឡាំពិក សម្រាប់កីឡាជនពិកា ដែលត្រៀមធ្វើម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ បន្ទាប់ពីចប់ការប្រកួតកីឡាស៊ីហ្គេមផងដែរ ដើម្បីឆ្ពោះទៅរកភាពជោគជ័យដូចគ្នា នាឆ្នាំ២០២៣ ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានបន្ថែមថា ក្រោយបញ្ចប់កម្មសិក្សារបស់ប្រតិភូក្រុមហ៊ុន CISIC ភាគីទាំងពីរ នឹងបន្ដធ្វើការងារជាមួយគ្នា ដើម្បីអនុវត្តផែនការបន្ទាប់ ដូចជាការបញ្ជូនកីឡាករ-កីឡាការិនីទៅហ្វឹកហាត់រយៈពេលវែងនៅចិន និងការបណ្ដុះបណ្ដាលមន្ដ្រីជំនាញជាដើម ដែលនឹងត្រូវចាប់ផ្ដើមនាឆ្នាំ២០២០ ខាងមុខ ៕