(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលអភិបាលខេត្តស្វាយរៀង បានថ្លែងទៅកាន់កម្លាំងប្រដាប់អាវុធទាំងអស់ នៅក្នុងខេត្តស្វាយរៀងថា ត្រូវទប់ស្កាត់ចំពោះបដិវត្តពណ៌ និងត្រៀមចាប់ខ្លួនជនណា ដែលរួមគំនិតក្បត់ជាតិ និងញុះញ៉ង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍ ដែលមានទណ្ឌិត សម រង្ស៊ី និងបក្ខពួកជាដើម។
ការថ្លែងបែបនេះ ក្នុងឱកាស លោក ម៉ែន វិបុល អញ្ជើញជាអធិបតីជួបសំណេះសំណាល ជាមួយកងកម្លាំងវរសេនាតូចនគរបាល និងយោធាការពារព្រំដែន នៅក្នុងភូមិសាស្ត្រ ខេត្តស្វាយរៀង ដែលរៀបចំនៅបញ្ជាការដ្ឋានវរសេនាតូចនគរបាលការពារព្រំដែន លេខ៦១១ ស្ថិតនៅឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩នេះ។
អភិបាលខេត្តស្វាយរៀង ក៏បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន, សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ជូនចំពោះកងកម្លាំងការពារព្រំដែន ដោយក្តីនឹករលឹកបំផុត។
លោកបន្តថា ការចុះជួបសួរសុខទុក្ខបងប្អូនកងកម្លាំង នៅរៀងរាល់ឱកាសបុណ្យជាតិនេះ គឺជាគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្ដេចទាំងពីរតែងតែយកចិត្តទុកដាក់បំផុត ចំពោះបងប្អូនកងកម្លាំងនគរបាល និងយោធាទាំងអស់ ដែលឈរជើងការពារ នៅតាមតំបន់ព្រំដែន។
លោកបន្ថែមថា រដ្ឋបាលខេត្តស្វាយរៀង តែងចុះជាបន្តបន្ទាប់ក្នុងគោលបំណង ផ្សាភ្ជាប់នូវទំនាក់ទំនងល្អប្រសើររវាងអ្នកនៅជួរក្រោយ និងកម្លាំងនៅជួរមុខក្នុងស្មារតីសាមគ្គីភាព និងវប្បធម៌ នៃការចែករំលែក ក៏ដូចជាការលើកទឹកចិត្តចំពោះ កិច្ចខិតខំប្រឹងប្រែងនាពេលកន្លងមក របស់កម្លាំងទាំងអស់ដែលឈរជើងនៅជួរមុខ ក្នុងកិច្ចការរក្សា ការពារបូរណភាពទឹកដី អធិបតេយ្យភាព និងទំនាក់ទំនងល្អ ជាមួយបណ្ដាសមត្ថកិច្ច នៃប្រទេសជាតិខាង ធ្វើឲ្យសណ្ដាប់ធ្នាប់នៅតាមតំបន់ព្រំដែននាពេលកន្លងមក មានភាពល្អប្រសើរ ធានាបាននូវសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ។
លោកអភិបាលខេត្ត បានមានមតិផ្តាំផ្ញើដល់កងកម្លាំងនូវចំណុចសំខាន់ៗ មួយចំនួនដូចជា ត្រូវចូលរួមថែរក្សាការពារនូវសន្តិភាព ការពាររដ្ឋធម្មនុញ្ញ និងរដ្ឋាភិបាលស្របច្បាប់ ត្រូវយកចិត្តទុកដាក់ថែរក្សាការពារបូរណភាពទឹកដី អធិបតេយ្យភាព និងសន្តិសុខល្អ នៅតាមព្រំដែន ហើយត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងរវាងកងកម្លាំងទាំងអស់ទាំង នគរបាល និងយោធា និងត្រូវគោរពវិន័យ បទបញ្ជាផ្ទៃក្នុងឲ្យបានម៉ឺងម៉ាត់។
លោកបានបន្តថា កងកម្លាំងត្រូវបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការ ជាមួយអាជ្ញាធរ និងសមត្ថកិច្ចប្រទេសជិតខាង, ចុះពិនិត្យ និងថែរក្សាការពារបង្គោលព្រំដែន ដែលបានបោះរួច និងទប់ស្កាត់រាល់បទល្មើសឆ្លងដែនផ្សេងៗ ដូចជាបទល្មើសគ្រឿងញៀន ការជ្រៀតចូល នៃជនអន្តោប្រវេសន្តខុសច្បាប់ និងការលួចនាំចូលជ្រូកពីប្រទេស ជិតខាងមកខេត្តស្វាយរៀងជាដើម។
ជាចំណងដៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ លោក ម៉ែន វិបុល បានឧបត្ថម្ភថវិកាក្នុងម្នាក់ៗ ទទួលបាន៥ម៉ឺនរៀល។ ដោយឡែក វរទាំង៣ ក្នុងមួយវរទទួលបានអង្ករ១០បាវ, ទឹកក្រូច១០កេស, ទឹកសុទ្ធ១០កេស និងនំអន្សមជ្រូកចំនួន១០០នំ ដែលគិតជាថវិកាសរុបទាំងអស់ចំនួន៣២លានរៀល៕