(ព្រៃវែង)៖ លោក ហួម តាំងហឿត អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកស៊ីធរកណ្ដាល និងជាប្រធានក្រុមការងារចុះជួយឃុំពោធិ៍ទី ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩នេះ បានក្រើនរំលឹកប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងអ្នកដែលចំណាកស្រុកទៅធ្វើការឆ្ងាយៗ កុំបាញ់បោកឃោសនាអកុសលផ្សេង ដែលរៀបចំដោយក្រុមក្បត់ជាតិ ដឹកនាំដោយទណ្ឌិត សម រង្ស៉ី។
ក្នុងពិធីជួបជុំសំណេះសំណាលជាមួយប្រពលរដ្ឋចំណាកស្រុក មកពីភូមិចំនួន៤ ក្នុងឃុំពោធិ៍ទី នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩នេះ លោក ហួម តាំងហឿត បានអះអាងប្រាប់ប្រជាពលរដ្ឋទាំងអស់ថា ប្រសិនបើប្រជាពលរដ្ឋដើរតាមការឃោសនារបស់ក្រុមទាំងអស់នោះ អាចនឹងប្រឈមជាមួយទោសទណ្ឌ ដោយសារក្រុមរបស់ទណ្ឌិត សម រង្ស៉ី បានប្រព្រឹត្តខុសនឹងច្បាប់ម្ដងហើយម្ដងទៀត រហូតហ៊ានប្រមាថព្រះចេស្ដារព្រះមហាក្សត្រ។
លោក ហួម តាំងហឿត បានគូសបញ្ជាក់ថា ដោយសាតែប្រទេសជាតិ មានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានដឹកនាំប្រទេសឲ្យមានការអភិវឌ្ឍ និងមានការរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យព្រះពុទ្ធសាសនា ក៏មានការរីកចម្រើន គួរឲ្យកត់សម្គាល់ផងដែរ ស្របពេលដែលប្រជាពលរដ្ឋទូទាំងប្រទេស កំពុងប្រារព្ធពិធីកាន់បិណ្ឌ។
ប្រធានក្រុមការងាររូបនេះ បានអះអាងទៀតថា ប្រជាពលរដ្ឋ គឺត្រូវខិតខំប្រឹងប្រែងបង្កបង្កើនផល ប្រឹងប្រែងអភិវឌ្ឍមូលដ្ឋាន អាជ្ញាធរមូលដ្ឋានត្រូវខិតខំប្រឹងប្រែង បម្រើសេវាសាធារណៈឲ្យបានល្អ ដោយមិនត្រូវខ្វល់ខ្វាយរឿងអ្នកណាចូលស្រុក ឬមិនចូលស្រុកនោះទេ។ លោកក៏បានជូនពរដល់ប្រជាពលរដ្ឋ ជួបជុំក្រុមគ្រួសារ ក្នុងឱបុណ្យភ្ជុំបិណ្ឌដោយសប្បាយរីករាយ។
សូមជម្រាបថា ការជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ចំនួន២៥៦នាក់ (ស្រី១៨៤នាក់) នេះ ធ្វើឡើងបន្ទាប់ពីលោក បានដឹកនាំក្រុមការងារ យកទេយ្យទាន រួមមានគ្រឿងឧបភោគ បរិភោគ និងទានព្រះវស្សា ទៅប្រគេនព្រះសង្ឃនៅវត្តពោធិ៍ទី និងវត្តត្រពាំងព្រះ និងការជួបជុំលើកទី២ នៅរសៀលថ្ងៃនេះ មានអ្នកចូលរួមចំនួន១៤៤នាក់ មកពីភូមិត្រពាំងចាប និងភូមិព្រៃព្រុំ៕