(ភ្នំពេញ)៖ ក្រសួងអប់រំយុវជន និងកីឡា នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩នេះ បានចេញសេចក្តីប្រកាសព័ត៌មានថា លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) មិនមានការប្រែប្រួលទេ ហើយក្រសួងក៏បានប្រកាសបញ្ចប់ការទទួលពាក្យតវ៉ារបស់បេក្ខជន ដំណើរការពិនិត្យ និងដោះស្រាយការតវ៉ាផងដែរ។
សេចក្តីប្រកាសព័ត៌មានដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន, បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្រោយពីបញ្ចប់ការធ្វើកោសល្យវិច័យ គណៈកម្មការពិនិត្យ និងដោះស្រាយការតវ៉ារបស់បេក្ខជន បានរកឃើញថា លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១៩ សីហា ២០១៩ មិនមានការប្រែប្រួលទេៗ លទ្ធផលប្រឡងដែលបានប្រកាសនៅថ្ងៃទី០៩ និងទី១០ ខែកញ្ញា ឆ្នាំ២០១៩ គឺជាលទ្ធផល ដែលឆ្លើយតបទៅនឹងគោលការណ៍ទាំងបួននៃការប្រឡង គឺគោលការណ៍ច្បាប់យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន»។
បើតាមក្រសួងអប់រំ ដោយឈរលើមូលដ្ឋាននេះ គណៈកម្មការសូមប្រកាសបញ្ចប់ការទទួលពាក្យតវ៉ារបស់បេក្ខជន និងបញ្ចប់ដំណើរការពិនិត្យ និងដោះស្រាយការតវ៉ា ចាប់ពីថ្ងៃចេញសេចក្តីប្រកាសព័ត៌មាននេះតទៅ។
សូមបញ្ជាក់ថា ក្រសួងអប់រំយុវជន និងកីឡា កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ បានសម្រេចបង្កើត «គណៈកម្មការពិនិត្យ និងដោះស្រាយការតវ៉ារបស់បេក្ខជន» ដើម្បីពិនិត្យ និងដោះស្រាយ ឆ្លើយតបចំពោះសំណូមពរ និងការតវ៉ារបស់បេក្ខជនមួយចំនួនតូច លើលទ្ធផលនៃការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ១៩ សីហា ២០១៩។ ការបង្កើតគណៈកម្មការនេះ ក្នុងបំណងធ្វើឲ្យបេក្ខជន និងអាណាព្យាបាល មានសេចក្តីទុកចិត្ត និងទទួលលទ្ធផលនៃការប្រឡងបាក់ឌុប ខណៈដែលមានបេក្ខជនមួយចំនួន បានតវ៉ាពុំសុខចិត្តលើលទ្ធផល «ធ្លាក់» និងមានបេក្ខជនមួយចំនួនទៀត ពុំសុខចិត្តដោយសារទទួលបាន និទ្ទេសត្រឹម «B» និង «C» ហើយទាមទារយកនិទ្ទេស «A»។
ជាមួយគ្នានេះ ក្រសួងអប់រំបានបញ្ជាក់យ៉ាងលម្អិត អំពីដំណើរការបច្ចេកទេសទាំង៣ដំណាក់ គឺដំណាក់កាលសំណេរ ដំណាក់កាលកំណែ និងដំណាក់កាលបូកស្រង់ពិន្ទុ ដើម្បីធានាបាននូវភាពសុក្រឹត្យ យុត្តិធម៌ និងតម្លាភាព។ លទ្ធផលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៩ មានបេក្ខជនប្រឡងជាប់ចំនួន ៧៩,០៥២នាក់ ស្មើនឹង៦៨.៦២ភាគរយ ក្នុងនោះសិស្សជាប់និទ្ទេស A ចំនួន ៤៤៣នាក់, ជាប់និទ្ទេស B ចំនួន២៤៣០នាក់, ជាប់និទ្ទេស C ចំនួន៥៨៤៧នាក់, ជាប់និទ្ទេស D ចំនួន ១៤១០០នាក់ និងនិទ្ទេស E ចំនួន៥៦២៣២នាក់៕