(ស្វាយរៀង)៖ លោក សុក រ៉ាដូ ប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀង និងសហការី នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី១៣ និងបង្សុកូល ព្រមទាំងប្រគេនទេយ្យទានដល់ព្រះសង្ឃ ក្នុងវត្តបូទុមសុផានារាម (ហៅវត្តគយត្របែក) ស្ថិតនៅសង្កាត់គយត្របែក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខ័ន្ធ ជីដូន ជីតា និងញាតិការ ទាំង៧សណ្តាន ដែលបានចែកឋាន ទៅកាន់លោកខាងមុខ សូមទទួលបាននូវផល្លានិសង្ឃ ដែលលោកប្រធាន និងសហការី បានឧទ្ទិសជូនតាមរយៈព្រះសង្ឃ ដែលជាស្រែបុណ្យក្នុងរដូវកាលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ សូមឲ្យអំណាច នៃអានិសង្ឃ នេះជួយទ្រទ្រង់ឲ្យវិញ្ញាណក្ខ័ន្ធអ្នកទាំងនោះ បានទៅកាន់ទីឋានបរមសុខ ក្នុងឋានសុគតិភពកុំបីខានឡើយ។
ទាក់ទងទៅពិធីបុណ្យភ្ជុំបិណ្ឌនេះ បើតាមលោក សុក រ៉ាដូ បានលើកឡើងថា ពិធីបុណ្យភ្ជុំបិណ្ឌ ត្រូវបានរៀបចំឡើងមានរយៈពេល១៥ថ្ងៃ ដោយចាប់គិតពីថ្ងៃ០១រោច ដល់ថ្ងៃទី ១៥រោច ខែភទ្របទ ជាពិធីមួយសម្រាប់ ឧទ្ទិសកុសល ទៅដល់ប្រេតជនញាតិ ដែលបានស្លាប់ទៅលោកខាងមុខ។ ពុទ្ធបរិស័ទចាប់ផ្ដើម ធ្វើចាប់ពីថ្ងៃ០១រោច រហូតដល់ថ្ងៃ១៤រោច ជាវារកភត្ត (ភត្តធ្វើតាមថ្ងៃ) ជាបន្តបន្ទាប់ ចំណែកមួយថ្នាក់ទៀតគេធ្វើនៅថ្ងៃ ១៥រោច ដែលគេហៅថាបុណ្យភ្ជុំ។ ពិធីបុណ្យទាំងពីរថ្នាក់នេះ បច្ចុប្បន្នត្រូវបានបូកបញ្ចូលគ្នា ហើយហៅកាត់ថាពិធីបុណ្យភ្ជុំបិណ្ឌនេះឯង។
លោក សុក រ៉ាដូ បានបញ្ជាក់ថា ពិធីបុណ្យភ្ជុំបិណ្ឌជាបុណ្យប្រពៃណីខ្មែរ ដែលប្រជាពុទ្ធបរិស័ទខ្មែរ គ្រប់រូបតែងតែធ្វើជារៀងរាល់ឆ្នាំ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនជីដូនជីតាញាតិការទាំង៧សន្តាន ដែលបានចែកឋាន ទៅកាន់លោកខាងមុខ ឲ្យបានទៅកាន់សុគតិភព ហើយងាកក្រោយមកជួយបីបាច់ថែរក្សាកូនចៅ ដែលនៅមានជីវិតរស់រាននៅឡើយ ឲ្យមានសេចក្តីសុខសប្បាយ ព្រមទាំងឧទ្ទិសជូនដល់ដួងវិញ្ញាណក្ខន្ធ កម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលីក្នុងបុព្វហេតុរំដោះជាតិកសាងការពារមាតុភូមិ។
ក្នុងឱកាសនោះដែរ លោក សុក រ៉ាដូ ប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀង និងសហការី បានប្រគេនបច្ច័យចំនួន២,៦០០,០០០រៀល សម្រាប់កសាងវត្ត និងសម្ភារជាច្រើនទៀតផងដែរ៕